ទោះបីជាប់ ប៉ុន្តែ ម៉ឺន មេឃា មិនទុកក្បាច់ទេពេលប៉ះ ឈុត សេរីវ៉ាន់ថង
កូនប្រុសលោក អេ ភូថង កីឡាករ ម៉ឺន មេឃា នៅតែតាំងចិត្តថាប្រឹងប្រកួតអស់ពីសមត្ថភាព ដើម្បីរក្សាជ័យជម្នះរបស់ខ្លួន ខណៈត្រូវប៉ះ ឈុត សេរីវ៉ាន់ថង ក្នុងជំនួបចុងក្រោយពូល A កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ថ្ងៃ សៅរ៍ សប្តាហ៍នេះ ។
ទោះបីឈ្នះ២ប្រកួតកន្លងមកបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងណាក្តី ម៉ឺន មេឃា បានបញ្ជាក់ថា សម្រាប់ការប្រកួតជុំចុងក្រោយប៉ះ ឈុត សេរីវ៉ាន់ថង រូបគេនឹងមិនរក្សាកម្លាំង រឺក្បាច់ នោះទេ ពោលនឹងបញ្ចេញអោយអស់ពីសមត្ថភាពដើម្បីបន្តជ័យជម្នះ និងដើម្បីអ្នកគាំទ្រ របស់ខ្លួន ។
ម៉ឺន មេឃា ឆ្លងកាត់ការប្រកួត២ដងកន្លងមកឈ្នះ សូត្រ វាសនា និង ឡុង ជិន មាន៦ពិន្ទុពេញឈរកំពូលតារាង ខណៈ ឈុត សេរីវ៉ាន់ថង មាន ៦ ពិន្ទុដែរ ដោយ ឈ្នះ សូត្រ វាសនា និង ឡុង ជិន ដូចគ្នា ។
សម្រាប់ការប្រកួតនេះ ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង នរណាឈ្នះនឹងឈរកំពូលតារាង ស្របពេលពួកគេបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចរាល់ហើយ ។
សូមបញ្ជាក់ថា ការប្រកួត កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក នឹងធ្វើការប្រកួតជុំចុងក្រោយពូល A នៅថ្ងៃ សៅរ៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០២១ នេះនាសង្វៀន CNC ឬស្សីកែវ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕