អតីតកីឡាករ Man UTD រិះគន់រឿង Rangnick ឲ្យ CR7 ធ្វើប្រធានក្រុមយប់មិញ
លោក Ralf Rangnick បានផ្ដល់តំណែងប្រធានក្រុមដល់ Cristiano Ronaldo ជំនួស Harry Maguire ដែលមានរបួស។ ការសម្រេចចិត្តបែបនេះបានរងការរិះគន់ពីលោក Paul Ince ដែលជាអតីតខ្សែបម្រើ Man UTD។
អតីតកីឡាករធ្លាប់លេងនៅបិសាចក្រហមពីឆ្នាំ១៩៨៩ដល់១៩៩៥ប្រាប់ Sky Sports ថា “៖ប្រសិនបើខ្ញុំជាលោក Ralf Rangnick វិញ ខ្ញុំនឹងផ្ដល់តំណែងប្រធានក្រុមទៅ Scott McTominay។ គាត់ពិតជាស័ក្ដិសម និងជាកិត្តិយសរបស់គាត់នៅលើទីលាន។ ស្ថិតក្នុងវ័យ២៦ឆ្នាំ វានឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អក្នុងអាជីពរបស់គាត់។”
លោក Ince បន្តថា “៖ហេតុអ្វីត្រូវឲ្យ Cristiano Ronaldo? គាត់ទើបតែត្អូញរឿងចេញពីទីលានពេលបានលទ្ធផលមិនល្អ ហើយមិនអរគុណ fans ថែមទៀត។” នេះជាការបន្ថែមរបស់លោក Ince។
ចំណែកលោក Rio Ferdinand អតីតខ្សែការពារ Man UTD វិញទទូចថា អ្នកចាំទី David de Gea ពិតជាសមជាង ព្រោះនៅបិសាចក្រហមយូរឆ្នាំមកហើយ និងស្គាល់ក្រុមច្បាស់។
ទាក់ទងទៅនឹងការជ្រើសរើស CR7 នេះ លោក Rangnick សង្កត់ធ្ងន់ថា ដោយសារតែគេមានបទពិសោធច្រើន។
Ronaldo ត្រូវបានមើលឃើញថា ក្រៅពីបំពេញតួនាទីជាខ្សែប្រយុទ្ធ គេក៏ជួយចុះទៅក្រោមតាមបាល់ដែរ។ យ៉ាងណា Manchester United បានចាញ់ Wolverhampton ០ទល់នឹង១៕