៣ក្រុមនេះស៊ីគូប្រកួតដាច់ភឹង
Inter Milan, Bayern Munich និង Ajax Amsterdam សុទ្ធតែកាក់កបដូចគ្នាក្នុងការប្រកួតក្របខណ្ឌកំពូលរៀងៗខ្លួននៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា។
ជាក់ស្ដែង Inter Milan បានយកឈ្នះ Bologna ៦ទល់នឹង១។ ក្នុងនោះ Eden Dzeko រកបាន២គ្រាប់ម្នាក់ឯង។ ៤ប្រកួតកន្លងមក ក្រុមការពារតំណែងជើងឯកមួយនេះរកបាន១៦គ្រាប់ពីការប្រកួត៤លើកដំបូងក្នុងរដូវកាលនេះ។
នៅអាល្លឺម៉ង់ឯណោះវិញ Bayern Munich បានផ្ដួល Bochum ដោយលទ្ធផល៧ទល់នឹង០ ក្នុងក្របខណ្ឌ Bundesliga។
៥ប្រកួតកន្លងមក មាន២០គ្រាប់ហើយដែលក្រុមការពារតំណែងជើងឯកលីគកំពូលអាល្លឺម៉ង់រកបាន។
Joshua Kimmich រកបាន២គ្រាប់ម្នាក់ឯង។ ចំណែក Robert Lewandowski ក៏រកបានមួយគ្រាប់ដែរ។ គិតត្រឹមពេលនេះ Lewandowski រកបានគ្រាប់បាល់១៩ប្រកួតជាប់គ្នា និង១៣ប្រកួតក្នុងដីជាប់ៗគ្នា។
ចំណែកនៅហូឡង់ឯណោះវិញ ក្រុមការពារតំណែងជើងឯកលីគកំពូល Ajax Amsterdam បានបំបាក់ Cambuur ៩ទល់នឹង០។ កីឡាករ៨នាក់បានរួមចំណែករកគ្រាប់បាល់បញ្ចូលទី៕