លេចឮថា ឡុង ម៉េងហាវ កំពុងហាត់នៅទ័ពក្រោយចេញពីថាយហ្គឺរ
ថ្មីៗនេះមានលេចឮដំណឹងថា ខ្សែបម្រើវ័យក្មេង ឡុង ម៉េងហាវ បានចូលរួមហ្វឹកហាត់នៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ តែមិនទាន់មានដំណឹងនៃការចុះកិច្ចសន្យាជាផ្លូវការនៅឡើយទេគិតមកទល់ពេលនេះ។
ប់ើតាមប្រភពមួយចំនួនបញ្ជាក់ថា អតីតយុវជនជម្រើសជាតិកម្ពុជាបានព្រមព្រៀងរួចរាល់ហើយជាមួយទ្រនំថ្មីខាងលើ នៅឡើយរង់ចាំតែថ្ងៃប្រកាសជាផ្លូវការប៉ុណ្ណោះ។
គួររំឭកថា ឡុង ម៉េងហាវ ដុះដាលចេញពីសាលាបាល់ទាត់ជាតិបាទី និងបានផ្លាស់ទៅវិសាខា ក្នុងរដូវកាល២០១៩ ហើយជុំទី២រដូវកាល២០២០ គេបានផ្ទេរទៅអគ្គិសនីកម្ពុជា។ ក្នុងឆ្នាំ២០២១ គេក៏ចូលរួមជាមួយអង្គរថាយហ្គឹរ និងបានជាប់ជម្រើសជាតិក្រុមធំ និងក្រុម U23 កាលពីខែតុលា ទៀតផង។
យើងនឹងរង់ចាំមើលការប្រកាសជាផ្លូវការ ប្រសិនបើកីឡាករមានប្រភពពីខេត្តព្រះសីហនុពិតជាបានចូលរួមជាមួយ Tiffy Army ដូចការលេចឮមែននោះ។
គួរជម្រាបដែរថា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏ទើបប្រកាសតែងតាំងលោក ទេព ឡុងរចនា ជាអ្នកចាត់ការក្រុមសាជាថ្មីផងដែរ៕