Honda អាចនឹងវិលទៅអឺរ៉ុបវិញនៅឆ្នាំ២០២១
Keisuke Honda ទំនងនឹងវិលទៅទឹកដីអឺរ៉ុបវិញក្នុងឆ្នាំ២០២១ ក្រោយទទួលបានការទាក់ទងពីក្លិប Portimonense នៃក្របខណ្ឌកំពូលព័រទុយហ្គាល់។
យ៉ាងណា ការសម្រេចចិត្តរបស់ខ្សែបម្រើជនជាតិជប៉ុនខាងលើនឹងត្រូវបានដឹងនៅដំណាច់ខែមករា ឆ្នាំ២០២១។
កិច្ចសន្យារបស់លោកនៅក្លិប Botafogo នឹងអស់សុពលភាពនៅថ្ងៃទី២៨ ខែកុម្ភៈពេលចប់យុទ្ធនាការក្របខណ្ឌកំពូលប្រេស៊ីល។ ក្លិបបច្ចុប្បន្នរបស់លោកមួយនេះកំពុងស្ថិតនៅលេខ១៩ ជាទីត្រូវប្រកួតប្រជែងដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់។
Honda លេងបាន២៧ប្រកួតពីគ្រប់កម្មវិធី និងរកបាន៣គ្រាប់ក្នុងឆ្នាំ២០២០។ កីឡាករជាអ្នកចាត់ការជម្រើសជាតិកម្ពុជាដដែលមិនសូវសប្បាយចិត្តនឹងគុណផលរបស់ Botafogo ឡើយ។ លោកទទួលសម្ពាធខ្លាំងពីអ្នកគាំទ្រដែលបានរំពឹងខ្ពស់លើលោក។
កាលចុងខែវិច្ឆិកា អតីតសមាជិក CSKA Moscow និង AC Milan បានគំរាមចាកចេញ ពេលក្លិបនេះផ្លាស់ប្ដូរគ្រូបង្គោលជាលើកទី៥នៅឆ្នាំ២០២០។ លោកសរសេរថា នឹកស្មានមិនដល់ ហើយនឹងគិតពីការចាកចេញ។
ដោយឡែកសម្រាប់ Portimonense បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៨ដែលជាលំដាប់បាតតារាងនៅក្របខណ្ឌកំពូលព័រទុយហ្គាល់ដោយឈ្នះ២ ស្មើ២ និងចាញ់៦ មានតែ៨ពិន្ទុប៉ុណ្ណោះ៕