Lampard ថា Chelsea ចាញ់ Arsenal ព្រោះហេតុផលហួសចិត្ត២យ៉ាងនេះ
លោក Frank Lampard អ្នកចាត់ការ Chelsea បានបង្ហាញភាពអាក់អន់ស្រពន់ចិត្តចំពោះកូនក្រុមដែលលេងចាញ់ Arsenal ដោយលទ្ធផល៣ទល់នឹង១ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ។
គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមើលឃើញថា កូនក្រុមលេងដូចគ្មានកម្លាំង និងលេងដូចមិនចង់លេង។ លោកថា លោកចង់ឲ្យកូនក្រុមឈ្នះការប្រកួតនេះ។
លោក Lampard លើកឡើងបែបនេះ “៖លេងអត់ល្អទេ។ យើងប្រយុទ្ធខ្លាំងដែរក្នុងវគ្គទីពីរ តែវគ្គទីមួយ ដូចចោលតែម្ដង។ អ្នកប្ដូរចូលក្នុងវគ្គទីពីរបានព្យាយាមបន្ថែមកម្លាំង ល្បឿនអីដែរ។ ខ្ញុំទទួលខុសត្រូវចំពោះលទ្ធផលនេះ ប៉ុន្តែខ្ញុំក៏ចង់ឲ្យកូនក្រុមមានទំនួលខុសត្រូវដែរ។ និយាយរួមទៅ បើម្នាក់ៗលេងតែ៦០ទៅ៧០ភាគរយ មានផ្លូវអីត្រូវឈ្នះនោះ។ ខ្ញុំខឹង ព្រោះចង់ឲ្យយើងឈ្នះ។”
គ្រាប់បាល់ពី Alexandre Lacazette, Granit Xhaka និង Bukayo Saka ល្មមគ្រប់គ្រាន់នឹងបន្ថយសម្ពាធពីអ្នកចាត់ការ Mikel Arteta។
មួយគ្រាប់របស់ Chelsea កើតឡើងនៅនាទី៨៥ ពេល Callum Hudson-Odoi បញ្ជូនបាល់ឲ្យ Tammy Abraham ប្រើទ្រូងទះបញ្ចូលទី។ ដល់នាទី៩០+១ Jorginho មានឱកាសទាត់១១ម៉ែត្រ តែត្រូវបានអ្នកចាំទី Bern Leno សង្គ្រោះបាន។
១៥ប្រកួតកន្លងមក Chelsea មាន២៥ពិន្ទុដដែលនៅលេខ៧ ខណៈ Arsenal នៅលេខ១៤ មាន១៧ពិន្ទុ៕