ខ្សែប្រយុទ្ធលេចធ្លោ សា ទី ត្រៀមបោះបង់អាជីពបាល់ទាត់ហើយ ប៉ុន្តែគ្រូអគ្គិសនីផ្តល់ក្តីសង្ឃឹមឡើងវិញ
ខ្សែប្រយុទ្ធវ័យក្មេង សា ទី បានរៀបរាប់អំពីការចាប់យកអាជីពជាកីឡាករបាល់ទាត់នេះ ដោយសារចិត្តស្រលាញ់ចូលចិត្តតាំងពីក្មេង ហើយធ្លាប់ខកចិត្តខ្លាំង និងគិតថាបោះបង់អាជីពមួយនេះទៅហើយ កុំតែបានលោកគ្រូ មាស សំអឿន ដែលកំពុងដឹកនាំក្លិបអគ្គិសនីកម្ពុជា ផ្តល់ឱកាសអោយ។
អតីតយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ បានលើកឡើងពីប្រវត្តខ្លះៗថា៖ “ដោយសារតែការស្រលាញ់បាល់ទាត់ ហើយធ្លាប់លេងតាមភូមិ និងនៅសាលារៀន ទើបគ្រូឃើញសមត្ថភាពគ្រាន់បើ ក៏ហៅចូលរួមក្រុមរបស់សាលា ដើម្បីប្រកួតពានវិទ្យាល័យថ្នាក់ ហើយទទួលបានចំណាត់ថ្នាក់លេខ៣។ បន្ទាប់មកទៀត គ្រូនៅសាលាបាល់ទាត់ជាតិបាទី បានជ្រើសរើសខ្ញុំមកធ្វើតេស្ត ចំនួនពីរលើកទើបជាប់ នាដើមឆ្នាំ២០១៩។ នៅបាទី ខ្ញុំមិនសូវបានបង្ហាញសមត្ថភាពទេ គឺបានចូលរួមនាចុងម៉ោងប៉ុណ្ណោះ និងត្រូវបានលោកគ្រូបាទី កាត់ឈ្មោះចេញតែម្តង ទើបខ្ញុំអស់សង្ឃឹម និងបាក់ទឹកចិត្តខ្លាំង។”
“ខ្ញុំបានសម្រេចចិត្តត្រលប់ទៅផ្ទះវិញ ដោយសារពេលចេញពីបាទី គ្មានក្លិបណាមួយទាក់ទងមកឡើង រហូតនៅផ្ទះនាស្រុកមួយរយៈទើប លោកគ្រូ មាស សំអឿន បានទាក់ទងមក អោយខ្ញុំមកធ្វើតេស្តសាកល្បងសមត្ថភាព ពេលនេះហើយដែលធ្វើអោយខ្ញុំមានកំលាំងចិត្តឡើងវិញ និងបានសន្យាជាមួយខ្លួនឯងថា ត្រូវខំប្រឹងប្រែង អោយកាន់តែខ្លាំង ដើម្បីបានបង្ហាញខ្លួននៅលើទីលាន។”
សូមបញ្ជាក់ផងដែរថា នារដូវកាលថ្មី២០២១នេះ សា ទី រកបាន ១គ្រាប់ អោយក្លិបអគ្គិសនីកម្ពុជា ក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង ខណៈដែលកីឡាករនិមិត្តរូបរបស់គេគឺកំពូលខ្សែប្រយុទ្ធ Cr. Ronaldo ខណៈដែលគោលដៅរបស់កីឡាករវ័យក្មេងនេះ គឺបានលេងនៅក្រុមជម្រើសជាតិកម្ពុជានាព្រឹត្តិការណ៍ សុីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានទៅលេងនាក្រៅប្រទេស៕