Braithwaite ជាកីឡាករមានជាងគេលំដាប់ទី២នៅ Barca បន្ទាប់ពី Messi
Martin Braithwaite គឺជាកីឡាករមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី២នៅ Barcelona បន្ទាប់ពី Lionel Messi។
អ្នកសារព័ត៌មាន Zach Lowy បង្ហាញថា Braithwaite បានគ្រប់គ្រងអាជីវកម្មអចលនទ្រព្យមានតម្លៃ២៥០លានអឺរ៉ូ។ ខ្សែប្រយុទ្ធរូបនេះក៏មានជំនួញ fashion ជាមួយប្រពន្ធ និងមានគម្រោង smart home នៅ Philadelphia សហរដ្ឋអាមេរិក។ នេះបើតាមទស្សនាវដ្ដី Forbes។
Braithwaite បានផ្លាស់ទៅ Barcelona ក្នុងតម្លៃ១៨លានអឺរ៉ូពី Leganes ក្នុងខែកុម្ភៈ ឆ្នាំ២០២០។ កីឡាករដាណឺម៉ាកត្រូវបានទិញយកទៅ Camp Nou ដោយសារតែពេលនោះខ្វះខ្សែប្រយុទ្ធ បន្ទាប់ពី Ousmane Dembele មានរបួស។
Braithwaite ចូលលេងបាន៥៣ប្រកួត រកបាន៨គ្រាប់ និង assist ៤ដង។ នៅដាណឺម៉ាក គេលេងបាន៥៦ប្រកួត និងរកបាន១០គ្រាប់។ នៅ Euro 2020 គេទទួលបានទំនុកចិត្តពីគ្រូបង្គោល Kasper Hjulmand ដែលពួកគេបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
យ៉ាងណា Braithwaite អំឡុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន គេស្ថិតក្នុងបញ្ជី១០នាក់ដែល Barca ត្រូវវ៉ៃចេញដើម្បីដោះស្រាយហិរញ្ញវត្ថុ និងមានលទ្ធភាពបន្តកុងត្រាដល់ Lionel Messi៕