Ramos បង្ហាញមូលហេតុរើស PSG ចោល Arsenal និង Man City
Arsenal និង Manchester City សុទ្ធតែតាមប្រកៀកប្រកិតដូចគ្នាក្នុងការប្រជែងយកខ្សែការពារ Sergio Ramos ដោយបានផ្ដល់សំណើពិសេសៗ។
ជាក់ស្ដែង ក្រុមកាំភ្លើងធំ Arsenal បានផ្ដល់កិច្ចសន្យា២ឆ្នាំអមដោយថ្លៃនឿយហត់១៧លានអឺរ៉ូក្នុងមួយរដូវកាល។ គ្រួសាររបស់ Ramos ពិតជាចាប់អារម្មណ៍ខ្លាំង ព្រោះអីនៅ Real Madrid គេទទួលបានតែ១២លានអឺរ៉ូទេ។ យ៉ាងណា កីឡាករវ័យ៣៥ឆ្នាំមិនទទួលទេ ព្រោះ Arsenal មិនមានកៅអីលេង Champions League ខណៈគេនៅតែចង់ប្រជែងពានធំៗ។
និយាយពី Manchester City វិញ គឺក្រុមជើងឯក Premier League ចង់ផ្ដល់កុងត្រា២ឆ្នាំ ហើយចប់ពីហ្នឹងទៅ ឲ្យទៅលេងនៅ New York City FC ដែលជាក្រុមបុត្រសម្ព័ន្ធរបស់ខ្លួននៅអាមេរិក។ Ramos ក៏ចាប់អារម្មណ៍ដូចគ្នា។
ផ្ទុយទៅវិញ អតីតប្រធានក្រុម Real Madrid បានសម្រេចដើរចូល Paris Saint Germain ព្រោះពេញចិត្តទាំងការផ្ដល់ផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពប្រជែងជើងឯក។ នៅ PSG អតីតកីឡាករ Sevilla ដដែលទទួលបានប្រាក់ឈ្នួលគោល១២លានអឺរ៉ូក្នុងមួយរដូវកាលដូចនៅ Real Madrid តែបូកទាំង bonus ទៀត ឡើងដល់១៥លានអឺរ៉ូនៅក្រុងប៉ារីស។ ម្យ៉ាងទៀត ការទៅដល់ពី Gini Wijnaldum, Gianluigi Donnarumma និង Archaf Hakimi បានបង្កើនគុណភាពកាន់តែខ្លាំងថែមទៀតដល់ PSG។ នេះក៏ជាហេតុផលដែល Ramos សម្រេចចិត្តចូលរួមដែរ៕