AC Milan កាន់តែកៀកតំណែងជើងឯក Serie A
ជ័យជម្នះក្នុងជុំទី៣៧ បានជួយ AC Milan កាន់តែកៀកតំណែងជើងឯកលីគកំពូលអ៊ីតាលី ក្នុងរដូវកាល២០២១/២០២២ រដូវកាលនេះ ខណៈ Inter Milan ក៏កំពុងតែដេញពីក្រោយដែរ។
AC Milan បង្ហាញសមត្ថភាពយ៉ាងល្អក្នុងជ័យជម្នះ២ទល់នឹង០លើ Atlanta ដែលរកបានដោយ Rafael Leao និង Theo Hernandez។
លទ្ធផលនេះជួយ AC Milan បន្តឈរកំពូលតារាងពីការប្រកួត៣៧ដង និងបន្តដាក់សម្ពាធលើក្រុមការពារតំណែងជើងឯក Inter Milan។ ១៥ប្រកួតចុងក្រោយ AC Milan មិនដែលចាញ់ទេ ដោយឈ្នះ១០ និងស្មើ៥។
គ្រាន់តែឆ្នាំ២០២២នេះ ក្រុមលោក Stefano Pioli មាន clean sheet ដល់ទៅ១០ដង និងរបូតតែ៨គ្រាប់ពីការប្រកួត១៦លើក។ ភាពឋិតឋេរនេះជួយឲ្យពួកគេកាន់តែកៀកតំណែងជើងឯកជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល១១ឆ្នាំ។
ពួកគេត្រូវការតែស្មើប៉ុណ្ណោះពីការប្រកួតចុងក្រោយតទល់ Sassuolo នៅថ្ងៃចុងក្រោយ។ ទោះនាំមុខតែ២ពិន្ទុ ហើយបើប្រកួតចុងក្រោយស្មើពិន្ទុគ្នា ក៏ AC Milan លើកពានដែរ ព្រោះមាន head-to-head ល្អជាង Inter Milan។
ការប្រកួត៣៧លើក AC Milan មាន៨៣ពិន្ទុ ខណៈ Inter Milan មាន៨១ពិន្ទុ៕