
មានចោរចូលលួចក្នុងផ្ទះ CR7 នៅព័រទុយហ្គាល់បាត់អាវចុះហត្ថលេខាមួយដែរ
យោងតាមរបាយការណ៍ពី the Sun ឲ្យដឹងថាផ្ទះរបស់ Cristiano Ronaldo នៅព័រទុយហ្គាល់ត្រូវបានចោរចូលលួចយករបស់របរផ្ទាល់ខ្លួនពេលគេកំពុងលេងតទល់ជម្រើសជាតិអេស្ប៉ាញ កាលរាត្រីថ្ងៃពុធ ទី០៧ ខែតុលា។
គូស្នេហ៍របស់់ CR7 គឺអ្នកនាង Georgina Rodriguez ក៏មិននៅផ្ទះដែរដោយសារជាប់រវល់ចូលរួមកម្មវិធី Paris Fashion Week ។
កាសែតក្នុងស្រុក Diario de Noticias Madeira បានឲ្យដឹងថា ចោរបានចូលដល់ក្នុងផ្ទះបន្ទាប់ពីសមាជិកបុគ្គលិករបស់ Ronaldo ភ្លេចបិទទ្វារយានដ្ឋាន។
សម្រាប់វត្ថុបាត់បង់មានអាវ Juventus ដែលត្រូវបានចុះហត្ថលេខាដោយ Cristiano Ronaldo ក៏បាត់បង់ដែរ។
ប៉ូលីសបានទៅដល់ទីតាំងកើតហេតុរួចហើយ ហើយត្រូវបានគេនិយាយថាបានកំណត់អត្តសញ្ញាណចោររួចរាល់ដែរតាមរយៈកាមេរ៉ាសុវត្ថិភាព។
គួរដឹងដែរថា Cristiano Ronaldo បានទិញផ្ទះមួយនេះតម្លៃ៧លានផោនកាលឆ្នាំ២០១៥ទុកសម្រាកពេលគេវិលទៅព័រទុយហ្គាល់ម្ដងៗ៕