
មិនទាន់បានលេងឱ្យ Man Utd ម្តងផង Cavani នឹកឃើញក្លិបបន្ទាប់ដែលត្រូវទៅរួចជាស្រេច!
(BC-99)
Edinson Cavani កំពុងសម្លឹងមើលអនាគតរបស់គេនៅពេលដែលចាកចេញពី Manchester United បន្ទាប់ពីបានសារភាពថាគាត់ចង់បញ្ចប់អាជីពនៅអាហ្សង់ទីន។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានធ្វើការផ្លាស់ប្តូរមកកាន់ក្រុមបិសាចក្រហម Manchester United ដោយឥតគិតថ្លៃបន្ទាប់ពីផុតកិច្ចសន្យាជាមួយក្លឹប Paris Saint-Germain កាលពីរដូវក្តៅកន្លងទៅថ្មីៗនេះ។
នៅមុនពេលដែលក្លិបបិសាចក្រហមបានផ្តល់អាវលខ៧ឱ្យ Cavani បានជួបពិភាក្សាជាមួយអនុប្រធានក្លិប Buca Junior-Juan Roman Riquelme នឹងបានធ្វើការបដិសេធចំពោះការលេងឱ្យក្លិបនៅអាហ្សង់ទីនមួយនេះដោយសារតែខ្លួនចង់លេងនៅ Old Trafford ជាមុនសិនរួចសឹមផ្លាស់ប្តូរមកកាន់អាមេរិកខាងត្បូងជាក្រោយ។
Cavani បានប្រាប់ ESPN ថា “Roman បានសរសេរមកខ្ញុំដោយសម្តែងនូវក្តីគោរពដែលគាត់ចង់ដឹងពីស្ថានភាពរបស់ខ្ញុំក្រោយពីអស់កិច្ចសន្យាជាមួយក្លិបចាស់។ យើងមានការពិភាក្សាគួរឱ្យគោរព។ Boca គឺជាក្រុមយក្សនៃពិភពបាល់ទាត់ កីឡាករម្នាក់ៗតែងតែចង់លេងនៅទីនោះ។ មានជនជាតិអ៊ុយរូហ្គាយជាច្រើនដែលបានលេងនៅទីនោះ។ ខ្ញុំមិនអាចបដិសេធជាមួយពួកគេបានទេ តែខ្ញុំចង់លេងឱ្យក្រុម Man Utd ជាមុនសិនរួចសឹមទៅលេងនៅទីនោះជាក្រោយ”។
សូមបញ្ជាក់ថា Cavani បានព្រមព្រាងជាមួយក្រុម Manchester United ដែលដឹកនាំដោយលោក Ole Gunnar Solskjaer លើកិច្ចសន្យារយៈពេលមួយឆ្នាំរួមទាំងជម្រើសទី ២ ក្នុងការតកិច្ចសន្យាដែលមានតម្លៃប្រហែល ១០ លានផោនក្នុងមួយរដូវកាល។ តែការប្រកួតនៅសប្តាហ៍ទី៥នៃ Premier League ដែល Man Utd ត្រូវប្រកួតជាមួយ Newcastle Cavani មិនអាចបង្ហាញវត្តមានរបស់ខ្លួនបានឡើយដោយសារតែច្បាប់កំណត់នៃការធ្វើចត្តាឡីសក្តិចំនួន១៤ថ្ងៃប្រឆាំងនិងការរីករាលដាលជំងឺកូវីតជាសកល។