Calvert-Lewin រកបានមួយគ្រាប់ពេលបង្ហាញខ្លួនលើកដំបូងឲ្យអង់គ្លេស
Dominic Calvert-Lewin បានបង្ហាញសក្ដានុពលរបស់ខ្លួនពេលចូលលេងលើកដំបូងឲ្យជម្រើសជាតិអង់គ្លេសជាមួយនឹងការតែតបញ្ចូលទីនាំមុខវេលស៍នៅនាទី២៦។
ខ្សែប្រយុទ្ធក្លិប Everton បានបាល់ពីការបញ្ជូនដោយ Jack Grealish ហើយក៏តែតគ្រាប់បើកឆាកសម្រាប់ក្រុមតោកំណាចក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា។
កីឡាករវ័យ២៣ឆ្នាំរូបនេះលេចធ្លោខ្លាំងនៅ Everton ដោយរកបាន៦គ្រាប់ពីការប្រកួត៤លើកនៅ Premier League និង៣គ្រាប់តទល់ West Ham នៅ Carabao Cup ឈានទៅក្រសោបបានកៅអីជម្រើសជាតិលើកដំបូង។
ជាមួយគ្នានេះ Jack Grealish ក៏បានរួមចំណែកគ្រាប់បាល់ទីពីរដែរ តាមរយៈការបង្កកំហុសពីកីឡាកររបស់វេលស៍។ Kieran Trippier បានបញ្ជូនបាល់ ហ្វ្រីឃីកយ៉ាងល្អដល់ Conor Coady ទាត់បញ្ចូលទីគ្រាប់របស់ខ្លួនបង្កើនការនាំមុខនៅនាទី៥៣។
ដល់នាទី៦៣ Danny Ings បានបន្ថែមការនាំមុខគ្រាប់ទី៣ បន្ទាប់ពីខ្សែការពារ Tyrone Mings តែតទម្លាក់ពីការលើកបាល់ជ្រុងដោយ Kalvin Philipps។ ដូច្នេះអង់គ្លេសរក្សាភាពមិនដែលចាញ់ក្នុងចំណោម៨ប្រកួតចុងក្រោយតទល់ជម្រើសជាតិវេលស៍៕