មុនក្លាយជាកីឡាករល្បី សារ៉េត គ្រីយ៉ា ជិះកង់មកហ្វឹកហាត់ចំងាយដីជាង ១៦ គីឡូម៉ែត្រ
ខ្សែការពារ សារ៉េត គ្រីយ៉ា ដែលក្នុងក្រុម ព្រះខ័នរាជស្វាយរៀង ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជាខ្វះមិនបាន មុននឹងទទួលបានភាពល្បីល្បាញក្នុងវិស័យមួយនេះ កាលពីក្មេងជិះកង់មកប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដោយសារតែចិត្តស្រលាញ់នឹងចង់ក្លាយជាកីឡាករអាជីព ត្រូវធ្វើដំណើរដោយកង់រយៈចំងាយដីជាង ១៦ គីឡូម៉ែត្រ ពោលគឺពីក្រុងតាខ្មៅ មកពហុកីឡដ្ឋានជាតិអូឡាំពិក កណ្តាលរាជធានី ភ្នំពេញ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានប្រាប់ក្រុមការងារ MSR ថា៖ មុនឈានចូលមកប្រលូកក្នុងវិស័យបាល់ទាត់នេះ ដំបូងឡើយខ្ញុំគ្រាន់តែមកលេងបាល់នៅពហុកីឡដ្ឋានជាតិធម្មតាជាមួយមិត្តភក្តិប៉ុណ្ណោះ ហើយលោកគ្រូ សំ វ៉ាន់ដេត (អតីតគ្រូព្រះខ័នរាជស្វាយរៀង) បានចាប់អារម្មណ៍សមត្ថភាពរបស់ខ្ញុំ។ តាំងពីពេលនោះមកខ្ញុំក៏បានចូលជាយុវជនរបស់ស្វាយរៀង ដោយកាលនោះហ្វឹកហាត់នៅ ពហុកីឡដ្ឋានជាតិផ្ទាល់តែម្តង។ កាលនោះខ្ញុំមានការលំបាកខ្លាំងដែរ ដោយសារតែការធ្វើដំណើរមកហាត់ឆ្ងាយ ពោលគឺពីទីក្រុង តាខ្មៅ មកហាត់នៅ អូឡាំពិក បើគិតជាដី គឺជាង ១៦ គីឡូម៉ែត ដោយមានត្រឹមកង់កញ្ចះមួយប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា សារ៉េត គ្រីយ៉ា បានចូលរួមជាមួយក្លិបតែមួយគត់ចាប់តាំងពីថ្នាលយុជនមកឈុតធំ នាកំឡុងឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ហើយក៏ជាផ្នែកមួយជួយក្រុមឈ្នះពានជើងឯកលីគឆ្នាំ២០១៩ ផងដែរ។ កីឡាករឥស្លាមរូបនេះ បានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០១៧មកម្លេះ នឹងធ្លាប់បានបង្ហាញខ្លួន ១៥ ដង ក្នុងនាមជាខ្សែការពារស្លាប ខណៈដែលពេលនេះគីជាកីឡាករយ៉ាងសំខាន់របស់គ្រូ Félix Dalmás ក្នុងឈុត ១១ នាក់ដំបូងដែលខ្វះមិនបាន៕