ជំនាន់ឯកឧត្តមបណ្ឌិត អ៊ុំ យូរ៉ាន់ ដឹកនាំប្រដាល់មានកីឡាករល្បីៗរូបណាខ្លះ?
ឯកឧត្តមបណ្ឌិត អ៊ុំ យូរ៉ាន់ ដែលជាអតីតប្រធានសហព័ន្ធកីឡាប្រដាល់(ប្រដាល់ស្ម័គ្រចិត្ត) និងជាអតីតសមាជិកគណៈកម្មធិការប្រតិបត្តិអូឡាំពិកកម្ពុជាបានទទួលអនិច្ចកម្មកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ដោយរោគាពាធ។
ឯកឧត្តម អ៊ុំ យូរ៉ាន់ ត្រូវបានគេដឹងថាធ្លាប់កាន់តំណែងជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាជាងពីរអាណត្តិ ប្រមាណជាជាង១០ឆ្នាំពោលចាប់ពីឆ្នាំ១៩៩០ជាងរហូត២០០៩ ដោយពេលនោះសហព័ន្ធកីឡាប្រដាល់ នៅមិនទាន់បំបែកចេញជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅឡើយទេ។ លោកធ្លាប់ដឹកនាំកីឡាករជម្រើសជាតិចេញប្រកួតក្រៅប្រទេសទទួលបានមេដាយផងដែរ ដូចជាស៊ីហ្គេម មានដូចជា កីឡាករ ហិន សៃហេង , អេ ភូថង និង អាត សំរិទ្ធ ជាដើម ។ សម្រាប់កីឡាករគុនខ្មែរដែលល្បីល្បាញក្នុងជំនាន់លោកដឹកនាំក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា អេ ភូថង , នួន ភារម្យ , ធន់ សុភា , នួន សូរិយា, ឡឹក វិបុល , ពេជ្រ ប៊ុនធឿន ,ពេជ្រ ប៊ុនហ៊ម , ឡោ សំណាង , អូដ ភូថង , បឺត ខាំ , ជ័យ កុសល ជាដើម ។ ក្រោយពីលោកបញ្ចប់តំណែងក្នុងការបោះឆ្នោតដោយតំណែងរបស់លោកត្រូវបានបន្តវេនដោយឯកឧត្តម តែម ម៉ឺន រហូតមកដល់បច្ចុប្បន្ន ។
សូមបញ្ជាក់ថា ឯកឧត្តមឧកញ៉ា អ៊ុំ យូរ៉ាន់ អតីតប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិអូឡាំពិកកម្ពុជា ដែលសព្វថ្ងៃជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ៕