លីគសម្រាកនឹងហាមប្រមូលផ្តុំដោយសារកូវីដ-១៩ ក្លិប ៣ ប្រើវិធីសាស្ត្រហ្វឹកហាត់ផ្សេងៗគ្នា
ដើម្បីការពារបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្លិបបាល់ទាត់មួយចំនួនក្នុងក្របខណ្ឌបាល់ទាត់លំដាប់កំពូលកម្ពុជា បានបង្ហាញអំពីវិធីហ្វឹកហាត់រៀងៗខ្លួន ដើម្បីជៀសរពីការប្រមូលផ្តុំមនុស្សច្រើន ក្នុងការការពារទប់ស្កាត់ជាមួយជំងឺថ្មីនេះ។
លោក សុក វាសនា គ្រូបង្គោលក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត៖ យើងនឹងព្យាយាមរៀបចំការហ្វឹកហាត់ខ្លះឲ្យពួកគាត់ជុំគ្នា អាចមួយសប្ដាហ៍ពីរពេលនៅ AEU Sports Park និងមួយពេលហាត់ផ្ទាល់ខ្លួន ហើយមួយពេលទៀតនៅស្តាតអូឡាំពិក។ យើងកាត់បន្ថយការជុំគ្នា និងបន្ថយការទៅ Gym អ៊ីចឹងទៅ។ សម្រាប់ការហាត់ជុំគ្នាថ្មីនេះ គឺយើងឲ្យពួកគាត់នៅឆ្ងាយពីគ្នា យើងមិនឲ្យកៀកគ្នាទេ។ យើងក៏ពន្យល់ពួកគាត់ឲ្យយល់ដឹង និងចេះរក្សាការពារខ្លួនពីជំងឺ COVID 19 នេះដែរ។ ចំណែកកាលពីប្រកួតសប្តាហ៍ទី៥ នៅលីគចប់ កីឡាករបានហាត់ខ្លួនឯងនៅផ្ទះរៀងៗខ្លួនផងដែរ។
ប្រធានក្រុមកងយោធពលខេមរភូមិន្ទ ភួង សុខសាណា៖ យើងអត់ហាត់ជុំគ្នាទេ តែមានលំហាត់ម្នាក់ៗសម្រាប់ធ្វើនៅទីលាន គ្រូមិនឲ្យទៅណាឆ្ងាយពេកទេ ហើយសម្រាប់អ្នកនៅផ្ទះក៏មានលំហាត់សម្រាប់ហាត់ផ្ទាល់ខ្លួនដែរ គោលដៅសំខាន់បំផុតគឺរក្សាកម្លាំងកុំឲ្យធ្លាក់ចុះ ដោយសារអត់ដឹងថា COVID 19 បាត់ទៅវិញនៅពេលណាទេ។ អ៊ីចឹងបើពេលវាបាត់ទៅវិញ ហើយសហព័ន្ធរៀបចំប្រកួតវិញបាន យើងមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រកួតវ តែបើយើងអត់ហាត់ទេ ប្រាកដជាមានបញ្ហា។ យើងធ្វើម៉េចកុំឲ្យធ្លាក់កម្លាំង ដែលមានដូចជាការត់ និងលំហាត់ផ្សេងៗដែលកីឡាករអាជីពដូចយើងបានដឹងខ្លួនឯងស្រាប់ហើយ។ អ្វីដែលព្រួយបារម្ភគឺមិនបានហាត់ជុំគ្នា ដោយសារមិនអាចតាមដានខ្ជាប់ខ្ជួននូវលំហាត់បច្ចេកទេសដែលទាមទារយ៉ាងចាំបាច់នូវការហ្វឹកហាត់ជារួម។
លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្រុមនគរបាលជាតិ៖ យើងបានដាក់លំហាត់ឲ្យពួកគាត់ហាត់តាមផ្ទះរៀងៗខ្លួន។ យើងដាក់ផែនការហាត់មួយសប្ដាហ៍ពីរពេល ថ្ងៃអង្គារ និងសុក្រ ពេលរសៀលដើម្បីកុំឲ្យកម្លាំងធ្លាក់ពេក។ ទីពីរយើងជួយណែនាំកីឡាករការពារខ្លួនពី COVID 19។ សម្រាប់ការហ្វឹកហាត់ យើងចែកជាមួយក្រុម៥នាក់ ដោយមានមេក្រុមម្នាក់ដឹកនាំការហ្វឹកហាត់។ សម្រាប់គ្រូគ្រាន់តែឈរមើលទេដើម្បីពិនិត្យការហ្វឹកហាត់របស់ពួកគេ។
សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រួមជាមួយពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីកូវីដ-១៩នេះ ហើយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយត្រូវរង់ចាំបញ្ហាជំងឺកូវីដនេះ ត្រូវបានបញ្ចប់ជាមុនសិន ខណៈគិតត្រឹមថ្ងៃនេះកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវិដនេះចំនួន ៩៦ នាក់ហើយ នឹងមានអ្នកជាសះស្បើយ ១១ នាក់ផងដែរ៕