Pedri អាចនឹងបំបែកកំណត់ត្រាពិសេសមួយរដូវកាលនេះ
មិនទាន់មានអាយុ១៩ឆ្នាំស្រួលបួលផង Pedri អាចនឹងបំបែកកំណត់ត្រាក្នុងនាមជាកីឡាករបាល់ទាត់ដែលលេងច្រើនប្រកួតបំផុតក្នុងមួយរដូវកាល។
បើតាមសារព័ត៌មាន Marca វត្តមានក្នុងការប្រកួតអូឡាំពិករបស់អេស្ប៉ាញតទល់ម្ចាស់ផ្ទះជប៉ុន គឺជាការប្រកួតទី៧២របស់គេក្នុងរដូវកាល២០២០/២០២១ ស្មើចំនួនរបស់ Bruno Fernandes ក្នុងរដូវកាលនេះដែរ។
Bruno លេងបាន៥៨ប្រកួតឲ្យ Manchester United ពីគ្រប់កម្មវិធី និង១៤ប្រកួតទៀតសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ដែលមាននៅ UEFA Nations League, Euro 2020 និងមិត្តភាព។
ចំណែក Pedri វិញលេងបាន៥២ប្រកួតក្នុងរដូវកាល២០២០/២០២១ សម្រាប់រ FC Barcelona និង២០ប្រកួតទៀតក្នុងក្រុមធំអេស្ប៉ាញ និង U21 អេស្ប៉ាញនៅអូឡាំពិក។ ប្រសិនបើបានលេងក្នុងវគ្គផ្ដាច់ព្រ័ត្រអូឡាំពិក នោះ Pedri នឹងលេងបាន៧៣ប្រកួត។
Pedri ក៏ជាកម្លាំងសំខាន់ក្នុងក្រុម Barcelona ដោយលេងជម្រើស១១នាក់ដំបូង២៨ប្រកួតក្នុងចំណោមការចូលលេងបាន៣៧ប្រកួតនៅ La Liga សម្រាប់ Barcelona។ គេលេង១១នាក់ដំបូង៦ប្រកួតក្នុងចំណោម៧ប្រកួតនៅ UEFA Champions League។
Marca ឲ្យដឹងថា គ្រូបង្គោល Barcelona នឹងអនុញ្ញាតឲ្យ Pedri សម្រាកក្រោយចប់យុទ្ធនាការអូឡាំពិក មុនចូលរួមរដូវកាលថ្មីនៃក្របខណ្ឌ La Liga៕