ឃីម បូរ៉ា បង្ហើបថាក្នុងចំណោមជើងខ្លាំងគីឡូ ៦០ ប៉ះ វ៉ាន់ថង ពិបាកវ៉ៃជាងគេ
អ្នកប្រដាល់គុនខ្មែរ ឃីម បូរ៉ា ជាកីឡាករមួយរូបដែលកំពុងឡើងខ្លាំងដោយឈ្នះកីឡាករលំដាប់គីឡូ ៦០ ជាច្រើន ដោយក្នុងចំណោមកីឡាករទាំងអស់រូបគេធ្លាប់ប្រកួតជាមួយមានតែ អេលីត ចំរើន ម្នាក់ប៉ុណ្ណោះដែលអាចឈ្នះគេបានដោយផ្តួលអោយសន្លប់ និង ឈុត សេរីវ៉ាន់ថង ក៏ធ្លាប់ឈ្នះគេម្តងដែរ ប៉ុន្តែ ឃីម បូរ៉ា បានយកឈ្នះ២ដង វិញ ។
នាគមាសបន្ទាយមានជ័យ ធ្លាប់បានបង្ហើបថា កីឡាករខ្មែរដែលធ្លាប់ប្រកួតជាមួយកន្លងមក មានចំនុចល្អៗខុសគ្នា ហើយកីឡាករដែលរូបគេគិតថាពិបាកប្រកួតជាមួយគឺ ឈុត សេរីវ៉ាន់ថង ដោយសារតែកីឡាករវ័យក្មេងនៃក្លិប រាហ៊ូកីឡា រូបនេះ មានរបៀបនៃការវាយខុសពីកីឡាករផ្សេងៗ ដោយវាយចេញចូលលឿន ពិសេសការវាយរបស់គេលឿន ហើយដកវិញលឿន ធ្វើអោយយើងពិបាកតាមវាយវិញ និងចំនុចពិបាកមួយទៀត គឺ វ៉ាន់ថង ចូលចិត្តទាត់ជើងក្រោមខ្លាំងៗ ដោយមិនគិតថាចំនុចណានោះទេ អោយតែមានឱកាសទាត់គឺគេទាត់តែម្តង ។
ឃីម បូរ៉ា ជាកីឡាករគុនខ្មែរដែលឡើងខ្លាំងក្នុងរយៈពេលដែលការប្រកួតគ្រប់សង្វៀនមិនមានការប្រកួតបរទេស ដោយកីឡាករខ្មែរក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម រូបគេធ្លាប់ឈ្នះមានដូចជា ម៉ឹន មេឃា , តាញ់ មករា , អេលីត សាន់ , ឡុង ជិន , សុខ សាវិន , លី ភា , វេង សុភ័ក្រ , ឈុត សេរីវ៉ាន់ថង និង សោម វិឆ័យ ជាដើម ។
គួររំលឹកផងដែរថា ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់ថង ធ្លាប់ប៉ះគ្នា៤ដង ក្នុងនោះ ឃីម បូរ៉ា ឈ្នះ២ដង ឈុត សេរីវ៉ាន់ថង ឈ្នះម្តង និងស្មើគ្នា ម្តង ៕