
សេក គឹមរូន និង ឡុង សំណាង រកបាន៣ពិន្ទុដូចគ្នាក្នុងកម្មវិធីខ្សែក្រវាត់គោជល់
ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯកសប្តាហ៍ទី២ ក្នុងពូល B កីឡាករ សេក គឹមរូន ឈ្នះខ្លាចាស់ ភុំ សារ៉ាយ ក្នុងទឹកទី៥ ខណៈកីឡាករ ឡុង សំណាង ឈ្នះពិន្ទុ សូត្រ ខេវិន ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូលខ្សែក្រវាត់គោជល់នាសង្វៀន CNC ។
ការប្រកួតរវាង សេក គឹមរូន និង ភុំ សារ៉ាយ បានក្លាយជាការប្រកួតដ៏ជក់ចិត្តនិងមានការគាំទ្រខ្លាំងពីសំណាក់ទស្សកនិជន ។ ការប្រកួតចាប់ផ្តើមត្រឹមតែទឹកទី១ភ្លាម ខ្លាចាស់ ភុំ សារ៉ាយ បានប្រើកណ្តាប់ដៃវាយអោយលោកអាជ្ញាកណ្តាប់រាប់លើកីឡាករ សេក គឹមរូប ប៉ុន្តែយ៉ាងណា កីឡាករនៃក្លិបអង្គរមានជ័យអាចតស៊ូបាន ។ ការប្រកួតចូលដល់ទឹកទី២ សេក គឹមរូន បានស្តារស្ថាការណ៍ឡើងវិញដោយវាយអោយលោកអាជ្ញាកណ្តាលរាប់លើ ភុំ សារ៉ាយ ចំនួន២ដង នៅចុងទឹកទី២ ប៉ុន្តែអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យអាចបន្តការប្រកួតបាន ។ ទឹកទី៣ និង ៤ កីឡាករទាំងពីរប្រឹងប្រែងប្រកួតរៀងខ្លួនៗ ខណៈចូលដល់ទឹកទី៥ ការទាត់របស់ សេក គឹមរូន បានធ្វើអោយ ភុំ សារ៉ាយ របួសជើងបោះបង់ការប្រកួត ។
ចំណែកការប្រកួតគូខ្សែក្រវាត់មួយគូទៀត ឡុង សំណាង រកបាន៣ពិន្ទុ បន្ទាប់ពីបានតស៊ូជាមួយកីឡាករ សូត្រ ខេវិន ពេញ៥ទឹកយ៉ាងស្វឹតស្វាញ ។ ការប្រកួតនេះ ឡុង សំណាង ព្យាយាមចូលប្រើជង្គង់ និងទាត់បានច្រើន ដែលជាទន់នាំអោយរូបគេទទួលបានជ័យជម្នះ ដោយពិន្ទុតែម្តង ។ សម្រាប់ជុំទី១ ក្នុងពូល B នេះ សេក គឹមរូន ឈរនៅលើគេមាន ៣ ពិន្ទុ ខណៈអ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ឡុង សំណាង ស្ថិតនៅលេខ២ ។ អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក នៅថ្ងៃ សៅរ៍ សប្តាហ៍នេះ មិនមានការប្រកួតនោះទេ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ៕