ធន់ សុភា បេ្តជ្ញានាំ ម៉ឺន សុភា ចេញទៅប្រកួតកម្មវិធីធំៗនៅក្រៅប្រទេសអោយបាន
គ្រូបង្វឹកប្រដាល់គុនខ្មែរនៃក្លិបក្រសួងការពារជាតិលោក ធន់ សុភា បានបង្ហាញពីការតាំងចិត្តនាំកូនសិស្សរបស់លោក ម៉ឺន សុភា ចេញប្រកួតនៅក្រៅប្រទេសនា ថ្ងៃណាមួយអោយខានតែបាន ស្របពេលរបួសតោកំណាចរូបនេះបានជា១០០ភាគរយហើយដោយនឹងសាកល្បងឡើងប្រកួតក្នុងអំឡុងខែមិនា នេះដើម្បីចង់ដឹងអោយច្បាស់ពីស្ថាភាពអាចដូចដើមវិញដែររឺទេ ។
តាមការបញ្ជក់របស់គ្រូបង្វឹកថា របួសជង្គង់ ម៉ឺន សុភា បានជា១០០ភាគរយហើយ ប៉ុន្តែមិនដឹងថាប្រកួតបានដូចដើមរឺអត់ទេ ព្រោះបារម្ភខ្លាចដៃគូទាត់ត្រូវកន្លែង របួសនោះបើនៅតែឈឺវាអាចពិបាកប្រកួតបន្តទៀត ប៉ុន្តែបើមិនមានបញ្ហាអ្វីនោះទេ ម៉ឺន សុភា នឹងចូលប្រឡួកគុនខ្មែរវិញដូចពីមុន ។ លោកបន្ថែមថា បើ ម៉ឺន សុភា ប្រកួតបានធម្មតាលោកសន្យានឹងប្រឹងប្រែងរកវិធីនាំរូបគេចេញប្រកួតក្នុងកម្មវិធីធំៗនៅក្រៅប្រទេសអោយបាន ពីព្រោះទម្រង់នៃការវាយរបស់កូនសិស្ស របស់លោករូបនេះពិតជាសាកសមសម្រាប់ប្រកួតក្រៅប្រទេស ដូចជាកណ្តាប់ដៃ និង ទាត់ ខណៈជង្គង់រូបគេមិនសូវចេះនោះទេ ខណៈភាគច្រើនប្រកួតក្រៅប្រទេស ដូចជា Kickboxing អីគឺត្រូវតែម្តង ។
ម៉ឺន សុភា ធ្លាប់ចេញប្រកួតក្រៅរួចមកហើយ ដោយកន្លងមករូបគេចេញទៅប្រកួតនៅប្រទេសបារាំងទទួលបានជ័យជម្នះ ហើយប្រកួតនៅប្រទេសថៃកម្មវិធី សាងាម អាស៊ាន ហ្វៃ ក៏រូបគេឈ្នះដែរដោយផ្តួលម្ចាស់ផ្ទះ កងស្យាម ក្នុងទឹកទី២ និងប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ី រកបានមេដាយប្រាក់ ខណៈប្រកួតចុងក្រោយ នៅស្រុកខ្មែរ ម៉ឺន សុភា ស្មើពិន្ទជាមួយ រ៉ារឿង (បូ៊ខៀវ ) ។
គួររំលឹកថាអស់រយះពេលជាង៤ខែមកហើយដែលទស្សនិកជនមិនបានឃើញវត្តមានកំពូលអ្នកប្រដាល់គុនខ្មែរ ម៉ឺន សុភា ឡើងលើសង្វៀនប្រកួតដោយសារតែមានបញ្ហាយារសរសៃពួរជង្គង់។ បើយោងតាមការរៀបរាប់របស់ ម៉ឺន សុភាព បានឲ្យដឹងថា រូបគេមានបញ្ហាយារសរសៃពួរជង្គង់នេះយូរមកហើយតែចេះតែទ្រាំប្រកួតទៅ ក្រោយៗមកទៀតរបួសនេះចេះតែឈឺឡើងៗទើបរូបគេផ្អាកឡើងសង្វៀនប្រកួតមួយរយះ ហើយគ្រូពេទ្យបានប្រាប់គាត់ថា រូបគេយារសរសែពួរជង្គង់ត្រូវសម្រាកព្យាបាលយូរ ៕