កែវ រំចង់ និង រឿង សោភ័ណ្ឌ ស្ថិតនៅលើគេក្នុងចំណោមអ្នកប្រដាល់៥រូបឡើងប្រកួតមានអ្នកមើលច្រើនបំផុត
បច្ចុប្បន្ននេះមានអ្នកគាំទ្រប្រដាល់គុនខ្មែរជាច្រើនតែងតែតាមដានការប្រកួតរបស់កីឡាករគុនខ្មែរនៅតាមសង្វៀនផ្សេងៗទាំងក្នុងស្រុកនិងក្រៅស្រុក សម្រាប់ថ្ងៃនេះ MSR សុំលើកយកកីឡាករ៥រូបដែលឡើង ប្រកួតក្នុងស្រុកម្តងៗមានអ្នកតាមដានទស្សនាច្រើនជាងគេ ។
យោងតាមការស្ទង់មតិអ្នកទស្សនាតាមបណ្តាញសង្គម តាមទូរទស្សន៍ និង ទៅចូលរួមទស្សនាផ្ទាល់យើងអាចបាន់ស្មានថា អ្នកប្រដាល់គុនខ្មែរ៥រូបដែលឡើងប្រកួតមានអ្នកចង់ទស្សនាច្រើនជាងគេ ជាពិសេស នៅពេលប៉ះដៃគូដែលជាជើងខ្លាំងមកពីក្រៅប្រទេស ។
១. កែវ រំចង់
អ្នកប្រដាល់ចាស់វស្សារូបនេះមិនសូវឡើងប្រកួតញឹកញាប់នោះទេ ប៉ុន្តែនៅពេលអ្នកប្រដាល់ខេត្តបាត់ដំបង រូបនេះឡើងប្រកួតម្តងៗមានអ្នកចង់ទស្សនាច្រើនបំផុត ទាំងនៅសង្វៀនផ្ទាល់ តាមផ្ទះ និងតាមបណ្តាញ សង្គមជាដើម ។ ការដែលមានអ្នកចង់មើលការប្រកួតរបស់ កែវ រំចង់ ព្រោះរូបគេវ៉ៃមិនចេះខ្លាចដៃគូ និង មានចិត្តខ្លាហានវ៉ៃអស់ពីសមត្ថភាពមិនថាឈ្នះរឺចាញ់ ។
២. រឿង សោភ័ណ្ឌ
ដៃភ្លើងជើងរន្ទះក៏មិនខុសពី កែវ រំចង់ ដែរពោលការប្រកួតរបស់គេម្តងៗអ្នកទស្សនាមិនដែលអង្គុយនៅស្ងាបនោះទេ ការប្រើកណ្តាប់ដៃឆ្វេងធ្ងន់ៗរបស់គេ និងការប្រកួតតស៊ូមិនដែលខ្លាចដៃគូធ្វើអោយអ្នកគាំទ្រ ពេញចិត្តនិងអបអរគ្រប់ពេលមិនថាឈ្នះរឺចាញ់នោះទេ ។
៣. ឃុន ឌីម៉ា
តាមរយៈកេរ្តិ៍ឈ្មោះរបស់នាគខ្មៅ អ្នកគាំទ្រតែងតែចង់ទស្សនាការប្រកួតរបស់គេមិនថាប្រកួតនៅសង្វៀន ណានោះទេ ជាពិសេសក្បាច់កែងដ៏គ្រោះរបស់គេ និងការវាយចេញដោយភាពកាចសាហាវ ទៅលើដៃ គូប្រកួតរបស់ខ្លួនទើបធ្វើអោយបងប្អូនជាច្រើនចង់មើលការប្រកួតរបស់ ឃុន ឌីម៉ា ។
៤. ឡៅ ចន្ទ្រា
នាយសង្ហាគុនខ្មែរជាអ្នកប្រដាល់មួយរូបដែលមិនងាយកីឡាករបរទេសចាប់(ឡាំ)ឈ្នះលើរូបគេបាននោះទេ ភាពរឹងមាំនេះហើយដែលរូបគេតែងតែទទួលបានជ័យជម្នះលើដៃគូប្រកួតរបស់ខ្លួន ទោះបីការប្រកួតខ្លះអ្នកគាំ ទ្រមិនសូវពេញចិត្តទម្រង់នៃការវាយរបស់គេមែន ប៉ុន្តែភាពល្បីល្បាញរបស់គេតែងតែមានអ្នកចង់តាមដាន គ្រប់ពេលឡើងសង្វៀន ។
៥. វង្ស ណយ
កូននាគខេត្តប៉ៃលិន ជាកីឡាករមួយរូបដែលប្រកួតលើសង្វៀនអ្នកមើលតែងតែងើបពីកៅអី ព្រោះតែការ វាយប្តូររបស់គេដោយមិនចេះលំៗយកតែលុយនោះទេ ទោះបីចាញ់ និង ឈ្នះ កីឡាកររូបនេះទទួលបានលទ្ធផលប្រហាក់ប្រហែលគ្នាក៏ពិតមែន ប៉ុន្តែការប្រកួតរបស់គេពិតជាជក់ចិត្ត ពោលអ្នកគាំទ្រតែងតែនិយាយថា (បើមិនគេគឺយើង ) ។
សូមបញ្ជាក់ថា នេះជាមតិរបស់ MSR បានលើកឡើងតែប៉ុណ្ណោះដោយមើលតាមសកម្មភាពជាក់ស្តែង សម្រាប់ការប្រកួតរបស់កីឡាករគុនខ្មែរ ប៉ុន្តែនៅមានកីឡាករគុនខ្មែរជាច្រើនរូបទៀតដែលឡើងប្រកួត មានការគាំទ្រនិងទស្សនាច្រើនគ្រប់សង្វៀននៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ៕