
អេ ភូថង ÷ ជំនួប យ៉េន ឌីណា និង ឡៅ ចិត្រា សមត្ថភាពម្យ៉ាងម្នាក់
អតីតអ្នកប្រដាល់គុនខ្មែរ អេ ភូថង បានលើកឡើងថា ជំនួប រវាងកូនសិស្សរបស់លោក យ៉េន ឌីណា និង ឡៅ ចិត្រា មានភាគរយឈ្នះប្រហាក់ប្រហែលគ្នា ពោលគឺ ៥០/ ៥០ ។
លោក អេ ភូថង បានបញ្ជាក់ថា ÷ ឡៅ ចិត្រា ក៏លោកបង្ហាត់នៅក្រុមជម្រើសជាតិដែរ គេជាកីឡាករមានទេពកោសល្យពីធម្មជាតិទាំងកម្លាំងនិងសមត្ថភាព ដូចនេះ ទោះបីគេខកខានប្រកួតមួយរយ:ក៏នៅតែល្អដែរ ។ ដៃ ឆ្វេងរបស់គេល្អចេញបានលឿន ហើយជើងក្រោមក៏រឹងមាំ ល្អដែរ ។ សម្រាប់កូនសិស្សលោកផ្ទាល់ គឺ យ៉េន ឌីណា គេជាកីឡាករប្រើក្បាច់ និងមានភាពឆ្លាតវៃពេលប្រកួត ហើយក៏បានហ្វឹកហាត់ត្រៀមជាប្រចាំ ដូចនេះអ្វីៗមានគ្រប់គ្រាន់ដូចគ្នារងចាំតែប្រកួតលើសង្វៀនតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ឡៅ ចិត្រា បានខកខានឡើងសង្វៀន ប្រកួតដោយសារតែបញ្ហារបួសដៃ ខណៈសប្តាហ៍នេះរូបគេអាចវិលមកប្រកួតវិញដោយត្រូវជួប កីឡាករ យ៉េន ឌីណា ក្នុងការដណ្តើមប្រាក់លានខារ៉ាប៉ាវ ។
អ្នកប្រដាល់ដើមកំណើតខេត្តកំពង់ស្ពឺ បានជួបបញ្ហារបួសប្រេះឆ្លឹងម្រាមដៃក្នុងអំឡុងការប្រកួតជាមួយ កីឡាករ មឿន សុខហ៊ុច ដណ្តើមពានរង្វាន់លោកគ្រូ ម៉ា សេរី កាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ នាសង្វៀន ស៊ី អ៊ិន ស៊ី ដែលគ្រានោះរូបគេបានចាញ់ពិន្ទុកូនសិស្សរបស់លោក ណន រិទ្ធ ។
ក្រោយពីការប្រកួតនោះរួចមក ឡៅ ចិត្រា បានដឹងពីបញ្ហារបួសដៃធ្វើអោយរូបគេត្រូវសម្រាកព្យាបាល រហូតជាសះស្បើយអាចហ្វឹកហាត់និងឡើងប្រកួតវិញបាននៅសប្តាហ៍នេះ ។
សម្រាប់ការវិលមកសង្វៀនវិញរបស់កូនសិស្សលោក ហង្ស សឿន រូបនេះត្រូវប៉ះជើងខ្លាំងខេត្តកោះកុង យ៉េន ឌីណា លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម នាថ្ងៃ សៅរ៍ ទី ០៤ ខែ កក្កដា ក្នុងកម្មវិធីដណ្តើមប្រាក់ លានខារាប៉ាវ ចាប់ពីម៉ោង ២.៣០ នាទីរសៀល នាសង្វៀន CNC ៕