
គុនខ្មែរ៤រូបនឹងត្រូវប្រកួតសប្តាហ៍ដំបូងខ្សែក្រវាត់ CBS គុនខ្មែរ
ការប្រកួតដណ្តើមខ្សែក្រវាត់ធំជាងគេប្រភេទទម្ងន់ ៥៧ និង ៥៤ គីឡូក្រាមដែលមានឈ្មោះថា CBS គុនខ្មែរនឹងចាប់ផ្តើមខែ មិនា ឆ្នាំ ២០២២ ខាងមុខនេះ ដែលមានបេក្ខភាព ១៦ រូបចម្រាញ់មកពីក្លិបប្រដាល់ខ្លាំងៗក្នុងប្រទេសកម្ពុជា មកប្រកួតប្រជែងឆ្ពោះទៅ ដណ្តើមខ្សែក្រវាត់ ។
កីឡាករដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់មានចំនួនសរុប ១៦នាក់ គឺប្រភេទទម្ងន់ ៥៧គ.ក ចំនួន ៨នាក់ និងប្រភេទទម្ងន់ ៥៤គ.ក ចំនួន ៨នាក់។ សម្រាប់ការប្រកួតប្រើរូបមន្ត សន្សំពិន្ទុដោយចែកជាពីរពូលសម្រប់ ៥៧ និង ពីរពូលសម្រាប់ ៥៤ យកលេខ១និងលេខ២ក្នុងពូលនីមួយៗឡើងទៅវគ្គបន្ត ដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់ និងទឹកប្រាក់ ៥០០០ដុល្លារ ។
អ្វីដែលប្លែកខុសពីកម្មវិធីមុនៗ និងពុំដែលមាននោះ គឺកីឡាករម្នាក់ៗក្នុងប្រភេទទម្ងន់ផ្សេងគ្នា២រូប អាចចាប់ដៃគូគ្នាធ្វើជាក្រុមមួយ ប្រកួតចំនួន ៣ប្រកួតក្នុងពូលរៀងៗខ្លួន។ ពិន្ទុ (ឈ្នះ ឬចាញ់) ពីគណៈចៅក្រមក្នុងការប្រកួតវគ្គចែកពូលនោះ ត្រូវយកមកគណនារៀងៗខ្លួនរួច បូកបញ្ចូលគ្នាទាំង២នាក់ ធៀបជាមួយក្រុមផ្សេងៗ ដើម្បីយកពិន្ទុខ្ពស់ឆ្ពោះទៅយកប្រាក់ ៥០០០ ដុល្លារ។
ប្រភេទទម្ងន់ ៥៧ ពូល A មានកីឡាករ ឡុង អាឆើត , ប៉ែនកាក់ ចៅចិត្រ , ឯម សីហា និង ថា សារុន ។ ចំំណែកពូល B ទម្ងន់ ៥៧ មានកីឡាករ អេរ៉ាវ៉ាន់ ចន្ទរាជ , ធន់ ស៊ីហុង , ស៊ឺន ថៃសាន់ និង គឿម សុវណ្ណង៉ា ។ ប្រភេទទម្ងន់ ៥៤ ពូល A មានកីឡាករ រឿង ឌីណា , ទេព ឧត្តម , ផាន់ ខាំតៃ និង ប៊ន ពន្លឹក ។ ចំណែពូល B មានកីឡាករ អេលីត ផានិត , សូដា សូសែន , ផល ស៊ីឡុង និង ម៉ន វណ្ណនី ។
កម្មវិធីនេះនឹងធ្វើការប្រកួតនៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៧យប់ដល់ម៉ោង ៩យប់ និងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ដោយសប្តាហ៍ដំបូងកីឡាករ ឡុង អាឆើត ប៉ះ ប៉ែនកាក់ ចៅចិត្រ និង ផាន់ ខាំតៃ ជួប ប៊ន ពន្លឹក ៕