ឈឿន ល្វៃ ចាប់ផ្តើមយល់ពីក្បាច់ វង្ស វិឆ័យ
បន្ទាប់ពីឈ្នះកីឡាករ វង្ស វិឆ័យ ក្នុងការប្រកួតលើកចុងក្រោយធ្វើអោយអ្នកប្រដាល់នៃក្លិប នាគរាជចតុមុខ ឈឿន ល្វៃ បានបង្ហាញការជឿជាក់ថានឹងអាចបន្តឈ្នះជាលើកទី២ ក្នុងការជួបគ្នា នៅថ្ងៃ សៅរ៍ សប្តាហ៍នេះក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ។
កូនសិស្សរបស់លោក ស្វាយ សុខុន បានប្រាប់ក្រោយហ្វឹកហាត់ត្រៀមខ្លួនថា នេះមិនមែនលើកទី១នោះទេ ដោយជួបគ្នាច្រើនលើករួចមកហើយ ប៉ុន្តែរូបគេទើបអាចឈ្នះ បាន១ប្រកួតចុងក្រោយតែប៉ុណ្ណោះ ។ ការឈ្នះម្តងធ្វើអោយគេកាន់តែសង្ឃឹមច្រើន សម្រាប់រូបគេដែលអាចស្វែងយល់ពីចំណុចខ្សោយគូប្រកួត ទើបហ៊ានជឿជាក់ក្នុងការប្រកួតសប្តាហ៍នេះថាបន្តឈ្នះ ។
ឈឿន ល្វៃ និង វង្ស វិឆ័យ ធ្លាប់ប្រកួតជាមួយគ្នា៦ប្រកួតកន្លងមកហើយ ដោយ ឈឿន ល្វៃ ទើប ឈ្នះបាន១ប្រកួតលើកចុងក្រោយតែប៉ុណ្ណោះ ក្នុងនោះចាញ់៤និងស្មើម្តង ។
សម្រាប់ការប្រកួតរវាងអ្នកប្រដាល់ដើមកំណើតខេត្តកំពង់ធំ និងកូនសិស្សរបស់លោក ហង្ស សឿន នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០៣ ខែ តុលា ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ជើងឯកប៉ះគ្នា គូមិត្តភាព ខណៈគូខ្សែក្រវាត់ តាញ់ មករា ជួប សេន កុសល ដោយចាប់ផ្តើមពីវេលាម៉ោង ៦ ល្ងាច និងផ្សាយផ្ទាល់តាម CNC ៕