បាល់ទាត់អាស៊ានរកឃើញជើងឯកកំពូលមួយទៀតហើយ
Johor Darul Ta’zim ក្រសោបបានតំណែងជើងឯកក្របខណ្ឌកំពូលម៉ាឡេស៊ី Malaysian Super League រដូវកាល២០២០ ក្រោយឈ្នះក្លិប Sabah FC ដោយលទ្ធផល៤ទល់នឹង១ នៅពហុកីឡដ្ឋាន Sultan Ibrahim រាត្រីថ្ងៃសុក្រ ទី០២ ខែតុលា។
ក្នុងចំណោម១២ក្លិបប្រកួតប្រជែងនៅរដូវកាល២០២០នេះ ក្រុមមានមូលដ្ឋាននៅរដ្ឋ Johor ខាងលើដែលលេងបាន១០ប្រកួត បាននាំមុខក្រុមលេខពីរ Perak ចំនួន៩ពិន្ទុ និងឈានទៅយកបានជើងឯកជាលើកទី៧ជាប់ៗគ្នា។
គួរដឹងដែរថា បាល់ទាត់ក្របខណ្ឌកំពូលម៉ាឡេស៊ីបានផ្ដើមសកម្មភាពពីការសម្រាកដោយជំងឺកូវីដ១៩ កាលចុងខែសីហា។ ក្នុងការប្រកួតជាថ្មីនេះ គណៈកម្មការរៀបចំបានសម្រេចឲ្យក្រុមទាំងអស់លេងតែមួយជើងប៉ុណ្ណោះ ព្រោះមិនចង់ចំណាយពេលវេលាច្រើនថែមទៀត។
Malaysian Super League គឺជាក្របខណ្ឌបាល់ទាត់ទី៣នៅអាស៊ាន បន្ទាប់ពីក្លិប Shan United ដែលបានគ្រងជើងឯកក្របខណ្ឌកំពូលមីយ៉ាន់ម៉ា និង Lao Toyota បានលើកពានលីគកំពូលឡាវ។ ដោយឡែកលីគអាស៊ានខ្លះទៀតមិនទាន់បញ្ចប់រដូវកាលនៅឡើយទេ ខណៈប្រ៊ុយណេបានរំសាយការប្រកួត ដោយសារការរីករាលដាលជំងឺកូវីដ១៩៕