Calvert-Lewin បង្ហើបថា ម្ដាយហូរទឹកភ្នែកពេលឮកូនជាប់ជម្រើសជាតិ
ព័ត៌មានដែលថា Dominic Calvert-Lewin ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស កាលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា បានធ្វើឲ្យម្ដាយរបស់គេហូរទឹកភ្នែកតែម្ដង។
ខ្សែប្រយុទ្ធឆ្នើមក្លិប Everton បានទូរស័ព្ទទៅឪពុកម្តាយរបស់គាត់ភ្លាមៗនៅពេលទទួលបានសារពីអ្នកចាត់ការ Gareth Southgate ថា គេស្ថិតក្នុងក្រុមជម្រើសជាតិនៅសប្ដាហ៍ក្រោយ។
កីឡាករកំពុងឡើងកូដថ្លែងបែបនេះ “៖ ខ្ញុំពិតជាមានមោទកភាពណាស់ដែលបានទទួលការកោះហៅពីក្រុមជម្រើសជាតិអង់គ្លេសលើកដំបូង។ ខ្ញុំបានទូរស័ព្ទទៅម្តាយ និងឪពុកខ្ញុំ ហើយម្តាយខ្ញុំស្រក់ទឹកភ្នែកភ្លាមៗតែម្ដង។ វាជាសុបិន្តក្លាយជាការពិត។ ខ្ញុំពិតជារីករាយណាស់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់របស់ Everton។”
Calvert-Lewin បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ៨ គ្រាប់ក្នុងការប្រកួត ៥ លើកក្នុងរដូវកាលនេះរួមទាំងការរកគ្រាប់បាល់បញ្ចូលទីហ៊ែតទ្រីកលើកទីពីរក្នុងពាន Carabao Cup កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា។
អតីតយុវជន Sheffield United នឹងមានឱកាសបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពនៅសប្ដាហ៍ក្រោយជាមួយវេលស៍ និងពានរង្វាន់ UEFA Nations League តទល់បែលហ្ស៊ីក និងដាណឺម៉ាក៕