
យុវជនឆ្នើមក្លិបទ័ព ជឿន ណាចា និង ជា ណាវិន ងាកមកលេងលីគទី២
ជឿន ណាចា និង ជា ណាវិន យុវជនឆ្នើមរបស់ក្លិបបាល់ទាត់ Tiffy Army ដែលតំឡើងអោយមកចូលរួមលេងជាមួយឈុតធំនៅជុំទី២រដូវកាល២០២០នេះក្នុងពានរង្វាន់លីគកំពូលកម្ពុជាត្រូវបានបញ្ចូលឈ្មោះលេងអោយឈុតយុវជនរបស់ Tiffy Army វិញក្នុងការប្រកួតប្រជែងពានរង្វាន់លីហ្គលំដាប់ទី២របស់កម្ពុជាដែលចាប់ផ្តើមក្នុងសប្តាហ៍នេះ ។
ជឿន ណាចា និង ជា ណាវិន បានបញ្ជាក់ថា ដោយសារពួកគេលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជាបានតិច ដូចនេះមិនខុសគោលការណ៍ នោះទេ ដែលត្រូវងាកមកលេងនៅឈុតយុវជនវិញ ក្នុងការប្រកួតប្រជែងនៅពានលីគលំដាប់ទី២ ។ ណាចា ដែលជាយុវជនមកពីខេត្តកែប បន្ថែមថា លីគកំពូលកម្ពុជារូបគេលេងបានភាគរយតិច ក្រោយតំឡើងមកឈុតធំដូចនេះគ្រូបានបញ្ចូលឈ្មោះចូលលេងឈុតយុវជនវិញ ដើម្បីអាចបង្ហាញសមត្ថភាពបានច្រើន និងពង្រឹងសមត្ថភាពបន្ថែមផងដែរ ។ ចំណែក ជា ណាវិន ក៏ដូចគ្នាទើបឡើងមកលេងឈុតធំតែប៉ុណ្ណោះ បន្ទាប់បង្ហាញខ្លួនបានល្អក្នុងពានរង្វាន់សម្តេច ហ៊ុច សែន ក្នុងជើងទី១ ។

ជា ណាវិន
ជឿន ណាចា ត្រូវបានបញ្ចូលក្នុងក្រុមធំសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទសម្រាប់ជុំទីពីរ Metfone Cambodian League ក្រោយចំណាយពេលជុំទីមួយលេងឲ្យក្រុមជម្រើសខេត្តកែប ប្រកួតប្រជែងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងរួមចំណែកបានចំណាត់ថ្នាក់លេខ៣ ។ ចំណែក ជា ណាវិន ត្រូវបានបញ្ចូលក្នុងក្រុមធំសម្រាប់ជុំទីពីរ Metfone Cambodian League ដូចគ្នាក្រោយរូបគេកំពុងឈរតំណែងកីឡាករទាត់ចូលទីបានច្រើនជាងគេ(៥គ្រាប់)ក្នុងពានរង្វាន់ ហ៊ុន សែន ថ្នាក់ជាតិ គិតត្រឹមជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នឹងត្រូវបន្តជួយក្រុមនៅជើងទី២ទៀតដោយត្រូវប៉ះក្រុម ព្រៃវែង ដោយជើងទី១ ឈ្នះ ១ ទល់ ០ ។
ការប្រកួតលីគលំដាប់ទី២ សប្តាហ៍ទី២ នឹងចាប់ផ្តើមនៅថ្ងៃ សៅរ៍ ទី ៣ ខែ តុលា ឆ្នាំ ២០២០ នេះដោយក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់ កងយោធពលខេមរភូមិន្ទ នឹងត្រូវជួបជាមួយក្រុម មន្ទីរខេត្ត ស្វាយរៀង នៅកីឡដ្ឋានខេត្ត ស្វាយរៀង វេលាម៉ោង ៣ រសៀល ៕

ជឿន ណាចា លេងជម្រើសខេត្តកែប