ខ្សែការពារនេះថា រីករាយខ្លាំងបំផុតដែលបានមកលេងជាមួយ Man City
ក្លិប Manchester City បានធ្វើការប្រកាសជាផ្លូវការអំពីការនាំយកបាន ខ្សែការពារ Sergio Gomez ពីក្លិបបែល្ស៊ិក Anderlecht ។
កីឡាករវ័យ២១ឆ្នាំ បានព្រមព្រៀងជាមួយ Man City ចុះកុងត្រារយៈពេល៤ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២-២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ប្រភពជាច្រើនបានបង្ហាញថា Man City បានចាយលុយខ្ទង់១៣លានអឺរ៉ូ ដើម្បីទិញយករូបគេពី Anderlecht។
ជុំវិញការផ្លាស់មកកាន់ទឹកដី Etihad នេះ Sergio Gomez បានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំមានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានមកលេងឲ្យ Man City ហើយខាងថ្នាក់ដឹកនាំ Man City ក៏បានបង្ហាញការស្វាគមន៍យ៉ាងដិតដល់ផងដែរមកកាន់រូបខ្ញុំ។”
រូបគេគឺជាកីឡាករទី៤ដែលក្លិបមេឃខៀវនាំចូលក្នុងទីផ្សាររដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Kalvin Phillips ផ្ទេរពី Leeds United, Stefan Ortega ផ្ទេរពីក្លិបលីគទី២អាល្លឺម៉ង់ Arminia Bielefeld និង Erling Haaland ផ្ទេរពី Borussia Dortmund៕
អត្ថបទ ៖ F11