World Cup 2018៖ Messi រំពឹងថាកីឡាករ ៨នាក់ នឹងលេចធ្លោរជាងគេ តែអត់មាន C.Ronaldo ទេ
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Lionel Messi នៅសប្តាហ៍នេះ បាននិយាយថា គេរំពឹងថានឹងមានកីឡាករ ៨នាក់ ដែលនឹងបង្ហាញឥទ្ធិពលយ៉ាងលេចធ្លោរបំផុត ក្នុងរយៈពេល ១ខែនៃ World Cup 2018 នៅរុស្ស៊ី ដែលនឹងចូលមកដល់ នៅពេលតែប៉ុន្មានថ្ងៃទៀតនេះ។ ការហ៊ានប៉ាន់ស្មានខ្ពស់នេះ ក៏ព្រោះតែកីឡាករវ័យ ៣០ឆ្នាំរូបនេះ បានតាមដានពីទម្រង់លេងរបស់កីឡាករទាំង ៨នាក់នេះ ក្នុងការប្រកួតជម្រើសជាតិ ធំៗនាពេលកន្លងមក និងការប្រកួតឲ្យក្លឹបដែលពួកគេបានលេង។
៨នាក់ ដែល Messi ជឿជាក់ថានឹងកន្ត្រាក់ភ្នែកទស្សនិកជនឲ្យជក់ចិត្តទស្សនានោះ រួមមាន៖
– ប្រេស៊ីល៖ Neymar និង Philippe Coutinho។
– អេស្ប៉ាញ៖ Andres Iniesta និង Silva។
– បែលហ្ស៊ិក៖ Eden Hazard និង Kevin De Bruyne។
– បារាំង៖ Antoine Griezmann និង Kylian Mbappe។
សម្រាប់អាល្លឺម៉ង់វិញ Messi គិតថាក្រុមនេះរឹងមាំខ្លាំងនាពេលបច្ចុប្បន្ន ប៉ុន្តែមិនមានកីឡាករណាមួយ នឹងលេចធ្លោរខ្លាំងនោះទេ។ ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ពីភាពជោគជ័យរបស់ Cristiano Ronaldo ដែលស៊ុតបានដល់ទាំង ៤៥គ្រាប់ ក្នុង ៤៨ប្រកួត ឲ្យ Real Madrid នៅរដូវកាលនេះ Messi បាននិយាយថា គេគ្មានអារម្មណ៍ថា Ronaldo នឹងធ្វើបានល្អខ្លាំង ក្នុង World Cup នៅរុស្ស៊ីនោះទេ៕