ហេតុអ្វីបានជាក្រុមបាល់ទាត់មួយចំនួនរបស់ប្រទេស វែល អាចចូលរួមលេងនៅក្របខណ័្ឌបាល់ទាត់នៅ អង់គ្លេស បាន?
ជាការពិតណាស់ក្របខណ័្ឌបាល់ទាត់របស់ប្រទេសមួយគឺមានតែក្រុមបាល់ទាត់ដែលជាសមាជិករបស់ប្រទេសនុះទេទើបអាចចូលលេងបាន។ ក៏ប៉ុន្តែបើយើងក្រឡេកទៅមើលប្រទេស អង់គ្លេស គេនិងឃើញក្លឹបបាល់ទាត់បរទេសចំនួន៤ដែលជារបស់ប្រទេស វែល ដែលរួមមាន Cardiff City ក្រុមដែលបានឡើងមកលេងនៅ Premier League រដូវកាលនេះ SwanseaCity ជាក្រុមដែលទើបតែធ្លាក់ទៅលេងក្របខណ័្ឌ League Championship រីឯNewport County ដែលលេងនៅក្របខណ័្ឌ League Two និង Wrexham លេងនៅក្របខណ័្ឌ National League របស់សហព័ន្ធបាល់ទាត់ អង់គ្លេស ។ តើហេតុអ្វីបានជាពួកគេអាចចូលរួមលេងនៅក្នុងក្របខណ័្ឌរបស់បរទេសបាន។
ចម្លើយ៖
១- ក្លិបទាំង៤ខាងលើមានប្រវត្តិយូរលង់ហើយក្នុងការករកើតជាក្រុមបាល់ទាត់ដែលពេលនុះ ប្រទេស វែល មិនទាន់បានបង្កើតលីកបាល់ទាត់ផ្ទាល់ខ្លួនផងទេ។ វែល ទើបតែបានបង្កើតលីកនៅឆ្នាំ១៩៩២ជាផ្លូវការតែប៉ុណ្ណោះ។
២- ក្លិប៣នៅក្នុងចំណោម៤ក្លិបខាងលើដែលមាន Cardiff City – Swansea City និងNewport County គឺជាផ្នែកមួយដែលបានចូលរួមជួយអោយវិស័យបាល់ទាត់របស់អង់គ្លេសមានការរីកចម្រើន។ ដោយកាលពីដើមឡើយពួកគេបានចូលរួមបំពេញក្របខណ័្ឌបាល់ទាត់អង់គ្លេសនៅតាមតំបន់អោយគ្រប់ចំនួនកូតាក្នុងការបង្កើតជាក្របខណ័្ឌ Southern League។
ដោយឡែក Wrexham គឺជាសមាជិកចាស់ជាងគេដែលបានចូលរួមប្រកួតនៅក្នុងតំបន់ Birmingham ដែលកាលណោះគេបានបង្កើតជា District League។
គួរកត់សម្គាល់ថាក្រុមបាល់ទាត់អាជីពផ្សេងទៀតរបស់ប្រទេស វែល នាពេលសព្វថ្ងៃមិនត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតប្រជែងនៅក្នុងប្រទេសអង់គ្លេសទៀតឡើយ។ មូលហេតុដោយសារ វែល មានក្របខណ័្ឌផ្ទាល់ខ្លួន និងម្យ៉ាងវិញទៀតបណ្តាក្លិបនៅ វែល នាពេលបច្ចុប្បន្ននេះគឺជាក្រុមពាក់កណ្តាលអាជីព។