Rashford ប្រាប់គន្លឹះរកគ្រាប់បាល់ចុងម៉ោងឈ្នះ Wolves
Marcus Rashford ជាអ្នករកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះសម្រាប់ Manchester United ដោយលទ្ធផល១ទល់នឹង០លើ Wolverhampton នៅនាទី៩០+៤ ក្នុងការប្រកួត Premier League ថ្ងៃអង្គារ ទី២៩ ខែធ្នូ។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសខាងលើបង្ហើបថា បានព្យាយាមយកប្រៀបលើខ្សែការពារ Rayan Ait-Nouri ដោយសារឃើញកីឡាករបារាំងរូបនេះស្រុតកម្លាំងច្រើន ក្រោយមានបញ្ហារបួសចុងម៉ោង។ Rashford បានទៅឈរចាំបាល់នៅកន្លែងដែលគ្រប់គ្រងដោយ Nouri និងទទួលបាល់ពីការបញ្ជូនដោយ Bruno Fernandes ហើយក៏ទាត់ទៅប៉ះ Romain Raiss ចូលទីតែម្ដង។
Rashford ថ្លែងបែបនេះ “៖គ្រាប់បាល់ហ្នឹងវាមិនអស្ចារ្យអីប៉ុន្មានទេ តែជួយយើងបាន៣ពិន្ទុ។ មុនហ្នឹងប៉ុន្មាននាទីខ្ញុំឃើញខ្សែការពារម្នាក់របស់ពួកគេមានរបួសខ្លះដែរ អ៊ីចឹងខ្ញុំគិតថា បើសារ៉េឈរកន្លែងម្នាក់ហ្នឹងទៅ ខ្ញុំអាចយកប្រៀបគេបាន។ ទីបំផុតខ្ញុំក៏ធ្វើបានមែន។”
ជ័យជម្នះនេះមានន័យថា Manhester United ឡើងទៅចំណាត់ថ្នាក់លេខពីរ មាន៣០ពិន្ទមានការប្រកួត១៥លើក ពីក្រោមក្រុមកំពូលតារាង Liverpool ពីរពិន្ទុ៕