
ហ៊ុល គឹមហ៊ុយ ទុករៀមច្បងម្នាក់ជា Idol
អ្នកចាំទី ហ៊ុល គឹមហ៊ុយ ទម្លាយថា រៀមច្បងសម្បូរបទពិសោធ ស៊ូ យ៉ាទី គឺជានិមិត្តរូបក្នុងដួងចិត្តតាំងពីតូចម្ល៉េះ ហើយថា បានតាមដានច្រើននូវបច្ចេកទេសចាប់បាល់ពីសមាជិកក្លិបណាហ្គាវើលដ៍រូបនេះដើម្បីសម្រួចសមត្ថភាពផ្ទាល់ខ្លួនកាន់តែប្រសើរ។
គឹមហ៊ុយ បង្ហើបថា កាលពីតូចធ្លាប់តែហុចទឹកដល់រៀមច្បងខាងលើ ដូច្នេះគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលមានឱកាសហ្វឹកហាត់ និងបានប្រកួតប្រជែងក្នុងក្រុមជម្រើសជាតិជាមួយអតីតអ្នកចាំទីក្លិបបឹងកេតខាងលើនាពេលកន្លងមក។
គួររំឭកថា ហ៊ុល គឹមហ៊ុយ បានចូលរួមជាមួយបឹងកេតពីសាលាបាល់ទាត់ជាតិបាទីនៅដំណាច់រដូវកាល២០១៨ ពោល៤ខែក្រោយស៊ូ យ៉ាទី ចាកចេញពីក្រុមជើងឯក MCL ៤សម័យមួយនេះទៅក្រុមគូប្រជែងណាហ្គាវើលដ៍។
អ្នកទាំងពីរផ្ដើមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិរួមគ្នាលើកដំបូងកាលខែមិថុនា ឆ្នាំ២០១៧ អំឡុងការដឹកនាំរបស់អតីតគ្រូបង្គោល Leonardo Vitorino៕