
កីឡាករកើតនៅអាល្លឺម៉ង់ម្នាក់រង់ចាំ៥ឆ្នាំទម្រាំបានជាប់ជម្រើសជាតិវៀតណាម
Adriano Schmidt បានបញ្ចប់ការរង់ចាំ៥ឆ្នាំក្នុងការជាប់ជម្រើសជាតិវៀតណាម ដែលជាប្រទេសខាងឪពុករបស់ខ្លួន។
ខ្សែការពារកណ្ដាលរូបនេះបច្ចុប្បន្នលេងនៅក្លិប Binh Dinh នៃលីគកំពូលវៀតណាម។ គេមានឪពុកជាជនជាតិវៀតណាម និងម្ដាយជាជនជាតិអាល្លឺម៉ង់ ហើយគេកើតនៅប្រទេសខាងម្ដាយ។
កីឡាករវ័យ២៧ឆ្នាំបានចូលហ្វឹកហាត់បាល់ទាត់នៅប្រទេសអាល្លឺម៉ង់់ក្នុងក្រុមថ្នាលចំនួន៣ មុនចូលក្រុមធំ TSV Schwabmünchen នៃលីគទី៥អាល្លឺម៉ង់ ក្នុងឆ្នាំ២០១៦។ ឆ្នាំ២០១៨ គេបានផ្លាស់មកលីគកំពូលវៀតណាម ដោយចូលរួមជាមួយក្លិប Hai Phong និងក្នុងបំណងជាប់ជម្រើសជាតិរបស់ប្រទេសខាងឪពុក។
Schmidt ដែលមានកម្ពស់១ម៉ែត្រ៨៥ត្រូវបានកោះហៅចូលជម្រើសជាតិវៀតណាមត្រៀមប្រកួតជម្រុះ FIFA World Cup 2022 ២ប្រកួតចុងក្រោយ ដំណាក់កាលទី៣ តទល់អូម៉ង់ នៅថ្ងៃទី២៤ ខែមីនា និងជប៉ុន ថ្ងៃទី២៩ ខែមីនា៕