
Shin Tae-yong នឹងមិនដឹកនាំក្រុមឥណ្ឌូនេស៊ីប្រកួតស៊ីហ្គេមនៅកម្ពុជាទេ
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបានតែងតាំងជាផ្លូវការលោក Indra Sjafri កាន់តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំជំនួសលោក Shin Tae-yong។ Indra Sjafri ពីមុនធ្លាប់កាន់តួនាទីជានាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ប៉ុន្តែឥឡូវនេះលោកនឹងដឹកនាំក្រុម U23 ចូលរួមប្រកួតនៅស៊ីហ្គេមលើកទី៣២។
ទន្ទឹមនឹងនេះដែរ គ្រូបង្វឹក Shin Tae-yong នឹងផ្តោតលើការដឹកនាំក្រុម U20 ឥណ្ឌូនេស៊ី ក្នុងការប្រកួត AFC U20 Finals ឆ្នាំ 2023។ នេះបើយោងតាមការប្រកាសរបស់ PSSI ។ កាលពីឆ្នាំមុន លោក Shin Tae-yong និង U23 ឥណ្ឌូណេស៊ី ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម។
ស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ការប្រកួតជុំចុងក្រោយនៃ U20 World Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែឧសភា នៅប្រទេសឥណ្ឌូនេស៊ី។
លោក Indra Sjafri វ័យ៥៩ឆ្នាំ ធ្លាប់ដឹកនាំ U19 ឥណ្ឌូនេស៊ី ឈ្នះជើងឯក U19 អាស៊ីអាគ្នេយ៍ឆ្នាំ២០១៣ និងដឹកនាំក្រុម U22 ឈ្នះការប្រកួតថ្នាក់តំបន់ឆ្នាំ 2019 ។ នៅស៊ីហ្គេមលើកទី៣០ គ្រូបង្វឹក Indra Sjafri និង U22 ឥណ្ឌូនេស៊ីឈ្នះមេដាយប្រាក់ ក្រោយចាញ់ ០-៣ នៅវគ្គផ្តាច់ព្រ័ត្រទល់នឹង U22 វៀតណាម។
ជាមួយគ្នានេះ PSSI បានស្នើសុំគ្រូបង្វឹក Shin Tae-yong ដើម្បីជួយ U20 ឥណ្ឌូនេស៊ី ទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួតចំនួនពីរនាពេលខាងមុខគឺ U20 Asia និង U20 World Cup 2023៕