Sheffield United បានកំណត់ត្រាអាក្រក់បំផុតនៅ Premier League
Sheffield United រកបានតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត១៣លើកដំបូងនៅ Premier League រដូវកាល២០២០/២០២១ ដែលជាកំណត់ត្រាអាក្រក់បំផុតនៅក្របខណ្ឌកំពូលអង់គ្លេសមិនធ្លាប់មានពីមុនមក។
សារព័ត៌មាន Goal ឲ្យដឹងថា មិនធ្លាប់មានទេក្លិបដែលធ្វើបានបែបនេះ។ មិនតែប៉ុណ្ណោះចំនួនចាញ់បច្ចុប្បន្នរបស់ Sheffield United គឺស្មើទៅនឹងចំនួនចាញ់សរុបកាលពីរដូវកាល២០១៩/២០២០ទៅហើយ (ចាញ់១២ដង)។
អំំឡុងទីផ្សារដោះដូរមុនរដូវកាលថ្មី Sheffield ចំណាយ៦០លានអឺរ៉ូពង្រឹងក្រុម ដោយនាំចូល Rhian Brewster (២៦លានអឺរ៉ូ), Aaron Ramsdale (២០លានអឺរ៉ូ) និងកីឡាករពីររូបទៀត។ ពួកគេបាត់បង់តែអ្នកចាំទី Dean Henderson ដែលវិលទៅ Manchester United វិញទេ។ អ្នកជំនាញគិតថា ការផុតកុងត្រារបស់ Henderson អាចជាដើមចមមួយនៃការស្រុតចុះនេះ។
Sheffield United នឹងត្រូវជួប Brighton, Everton, Burnley, Crystal Palace និង Newcastle ហើយបន្តដំណើរទៅប៉ះ Tottenham, Man United និង Man City។ Sheffield អាចធ្លាក់ឬអត់ គឺចាំមើលនៅក្រោយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
កៅអីអ្នកចាត់ការរបស់លោក Chris Wilder កំពុងតែផុយស្រួយ ប៉ុន្តែថ្នាក់ដឹកនាំក្លិបមិនទាន់សម្រេចយ៉ាងណាទេ៕