UEFA បើកឲ្យមានអ្នកទស្សនាឡើងវិញកន្លែងដែលអាជ្ញាធរអនុញ្ញាត
សមាគមបាល់ទាត់អឺរ៉ុប (UEFA) ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី០១ ខែតុលាថា អ្នកទស្សនានឹងអាចឱ្យចូលមើលការប្រកួតក្រុមជម្រើសជាតិឡើងវិញនៅទីតាំងណាដែលអាជ្ញាធរអនុញ្ញាតដោយកំណត់៣០ភាគរយនៃចំនួនកៅអីកីឡដ្ឋាន។
អង្គភាពបាល់ទាត់អឺរ៉ុបបាននិយាយថា ការសម្រេចចិត្តនេះបានអនុវត្តតាមអ្វីដែលបានពិពណ៌នាថា ជាការសាកល្បងដូចកាលថ្ងៃទី ២៤ ខែកញ្ញាដែល Bayern Munich ប្រកួតជាមួយ Sevilla ក្នុងពានរង្វាន់ UEFA Super Cup នៅក្រុង Budapest ។
UEFA បាននិយាយថា ការទទួលយកអ្នកគាំទ្រ និងគម្រោងកំណត់នឹងអាស្រ័យលើការសម្រេចចិត្តរបស់អាជ្ញាធរមូលដ្ឋាន។
អង្គភាពដដែលសង្កត់ធ្ងន់ថា ការប្រកួតដែលមានអ្នកទស្សនានឹងមិនអាចកើតឡើងទេ ប្រសិនបើអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាត។
UEFA បានបន្ថែមទៀតថា អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតិដែរ ប្រសិនបើគ្មានការរក្សាគម្លាតសង្គម និងវិធានការបង្ការទុកជាមុនដូចជា ការពាក់ម៉ាស ហើយត្រូវអនុវត្តតាមវិធានក្នុងតំបន់។
ប្រធាន UEFA លោក Aleksander Ceferin បាននិយាយថាប្រទេសចំនួន ២៧ នៅអឺរ៉ុបបានអនុញ្ញាតអ្នកគាំទ្រចូលមើលដល់កីឡដ្ឋានរួចរាល់ហើយ តែក្នុងការកំណត់ចំនួន។