
កូនខ្មែរញូហ្ស៊ីលែន៣រូបប៉ងចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជាដោយសារមូលហេតុសំខាន់មួយ
បងប្អូន៣រូបគឺយុវជន លឹម ចិត្ត អាយុ១៨ឆ្នាំ, លឹម អារុណ ១៥ឆ្នាំ និងលឹម លោកា អាយុ១២ឆ្នាំបាននិយាយដូចៗគ្នាថា ខ្លួនមានមោទកភាពជាកូនខ្មែរ ហើយមានក្តីសុបិនដ៏ធំក្នុងជីវិត គឺចង់ចូលរួមជួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលអនាគត។
សមាជិកនៃថា្នលយុវជនរបស់ក្លិប Melville United Academy នៃតំបន់ Waikato ដែលមានឈាមជ័រមានឪពុកជាជនជាតិខ្មែរ និងម្តាយញូហ្ស៊ីលែនបានឆ្លៀតមកធ្វើតេស្ដនៅកម្ពុជា ក្នុងឱកាសដែលយុវជនថ្នាលទាំងបីនាក់នេះឈប់សម្រាកពីការសិក្សា និងការហ្វឹកហាត់ក្នុងឈុតថ្នាលនៅប្រទេសខាងម្ដាយ។
លោកស្រី Marliese ដែលជាម្តាយរបស់យុវជនទាំង៣ខាងលើបានឲ្យដឹងដែរថា៖”ខ្ញុំពិតជាមានមោទកភាពមែនទែនដែលកូនៗខ្ញុំបានមក ធ្វើតេស្ដនៅបឹងកេតនេះ។ ពួកគេចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជា ព្រោះពួកគេមានឈាមជ័រជាកូនខ្មែរដែរ”។
គួរដឹងដែរថា យុវជន៣នាក់បងប្អូននេះក៏ទទួលបានការបណ្តុះបណ្តាលកីឡាបាល់ទាត់ និងហ្វូតសាល ក្នុងក្រុមថ្នាលកម្រិតខ្ពស់ប្រចាំតំបន់មួយនៃប្រទេសនូវែលសេឡង់ ក្នុងចន្លោះ១ឆ្នាំដល់៣ឆ្នាំ ជាពិសេសគឺលឹម ចិត្ត និងលឹម អារុណ ត្រូវជ្រើសរើសឲ្យប្រកួតតំណាងឲ្យតំបន់ Waikato and Bay of Plenty ហៅកាត់ WaiBop នៃកម្រិត U14 ក្នុងឆ្នាំ២០១៧ និង U15 ក្នុងឆ្នាំ២០១៨ក្នុងប្រទេសនូវែលសេឡង់ផងដែរ។ លឹម អារុណ ក៏ធ្លាប់បានជ្រើសរើសឲ្យទៅហ្វឹកហាត់រយៈពេល១ខែជាមួយក្លិប Valencia នៅប្រទេសអេស្ប៉ាញ។ ចំណែកលឹម លោកា ក៏បានជ្រើសរើសឲ្យប្រកួតថ្នាក់ជាតិតំណាងឲ្យតំបន់ WaiBop កម្រិត U12 ផងដែរ៕
ប្រភព៖ CNCC
រូបភាព៖ ផ្តល់ឲ្យ