
Bruno ឡើង Top Scorer នៅ UEL ក្រោយស៊ុតឲ្យ Man UTD ឈ្នះយប់មិញ
Manchester United បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Europa League ក្រោយឈ្នះ Copenhagen នៅថ្ងៃចន្ទ ទី១០ ខែសីហា ដោយលទ្ធផល១ទល់នឹង០។
ពុំមានការទាត់បញ្ចូលទីគ្នាឡើយក្នុងការប្រកួតម៉ោងធម្មតា៩០នាទី។ នៅនាទី៤៥ គ្រាប់បាល់របស់ Mason Greenwood មិនត្រូវបានផ្ដល់ឡើយដោយសារ off-side បន្ទាប់ពីពិនិត្យតាមរយៈ V.A.R។
លទ្ធផល០ទល់នឹង០ក៏បន្តរហូតដល់ចប់៩០នាទី ដូច្នេះត្រូវបន្ថែម១៥នាទីពីរដង។ ដល់នាទី៩៥ Bruno Fernandes បានទាត់១១ម៉ែត្របញ្ចូលទី ក្រោយមិត្តរួមក្រុម Anthony Martial ត្រូវបានធ្វើឲ្យដួលក្នុងប្រអប់អ្នកចាំទី។
នេះជាការទាត់ពិន័យ១១ម៉ែត្របានសម្រេចជាលើកទី២១ជាប់ៗគ្នាសម្រាប់ Bruno និងបានរុញខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ឡើងកំពូលតារាងអ្នកទាត់ចូលច្រើនជាងគេបណ្ដោះអាសន្ននៅ EUROPA League ដោយរកបាន៧គ្រាប់។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Manchester United នឹងត្រូវប៉ះក្រុមឈ្នះរវាង Wolverhampton និង Sevilla៕