សំ វ៉ាន់និត “៖កាលពីតូច ខ្ញុំឃើញបងៗក្នុងខេត្តជាកីឡាករអាជីព ខ្ញុំចង់ដូចពួកគាត់ដែរ”
មានកំណើតនៅខេត្តកោះកុង យុវជន សំ វ៉ាន់និត ចូលចិត្ត និងបាន លេងបាល់ទាត់តាំងពីតូចម្ល៉េះជាមួយក្មេងៗក្នុងភូមិ។ លុះពេលចម្រើនវ័យ កាន់តែធំ គេកាន់តែដាក់ចិត្ត ចូលជ្រៅក្នុងកីឡាប្រភេទនេះ ដោយ ធ្លាប់ ទាំងបានជាប់ជម្រើសយុវជន ក្នុងខេត្តកោះកុងទៀតផង ។ ការឈានជើងចូល កាន់តែជ្រៅនេះ ក៏ព្រោះតែខ្សែបម្រើក្លិបនគរបាលជាតិ បានឃើញរៀមច្បងៗមួយចំនួនបានក្លាយជាកីឡាករបាល់ទាត់អាជីព លេងនៅតាមបណ្ដាក្លិបនានា ។
កីឡាករវ័យ ២៣ឆ្នាំរៀបរាប់ពីការឈានជើងចូលបាល់ទាត់បែបនេះ “៖កាលពីតូច យើងឃើញបងៗលេង ដូចបង ទូច បញ្ចរ៉ុង បង ស៊ុន វ៉ាន់ដេត លេង អ៊ីចឹងចង់លេងដូចពួកគាត់។ ខំប្រឹងតាំងពីក្មេងមក ចង់ក្លាយខ្លួនជាកីឡាករកម្រិតអាជីពដូចពួកគាត់ ទាល់តែធ្វើបានមែន។”
វ៉ាន់និត រំឭកថា ធ្លាប់បានចូលហ្វឹកហាត់ក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំបឹងកេតពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨។ តែដោយសារមានធុរៈក្នុងគ្រួសារ គេក៏វិលទៅស្រុកកំណើតវិញរយៈពេលមួយឆ្នាំ ដល់ឆ្នាំ២០២០បានចូលរួមជាមួយក្រុមនគរបាលជាតិដល់បច្ចុប្បន្ន។
ការលេង នៅក្រុមនគរបាលជាតិត្រូវបាន អតីតកីឡាករយុវជនខេត្តកោះកុងដដែល ទទូចថា ពិតជា មាការលំបាកច្រើនពេលឈានជើងចូលឆ្នាំដំបូង ព្រោះគេមានបទពិសោធតិចតួចក្នុងបាល់ទាត់កម្រិតខ្ពស់បែបនេះទាំងការហ្វឹកហាត់ និង ការសម្របខ្លួន ហើយម្យ៉ាងគេ ធ្លាប់តែលេងនៅកម្រិតយុវជន និងកម្រិតខេត្តពីមុនមក។ សម្រាប់រដូវកាលនេះ គេអាចទទួល បានបទពិសោធល្អៗច្រើន តែក៏នៅខ្វះខាតមួយចំនួនដូចគ្នាដែលត្រូវបំពេញបន្ថែម។
គួរបញ្ជាក់ថា រដូវកាល ២០២២នេះ សំ វ៉ាន់និត កំពុងជួយនគរបាលជាតិ ប្រកួតប្រជែងក្នុងក្របខណ្ឌ Cambodian League 2៕