
ឡុង សំណាង ប៉ះ វេន សុភ័ក្រ្ភ ដណ្តើមខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ បានរកឃើញបេក្ខភាពដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ហើយគឺ ឡុង សំណាង និង វេន សុភ័ក្ត្រ បន្ទាប់ពី ឈ្នះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ។
ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា ធ្វើបានយ៉ាងល្អក្នុងការប្រកួតជាមួយកីឡាករ សុខ សុវណ្ណ ។ ៥ទឹកពេញ សំណាង ហាក់បីមិនពិបាកនោះទេ ដោយសាររូបគេមានប្រៀបកម្ពស់ ដោយការចូលចាប់វាយជង្គង់លើគូប្រកួត ។ សម្រាប់ សុខ សុវណ្ណ ទោះបីប្រឹងប្រែងប្តូរកណ្តាប់ដៃ និងទាត់ យ៉ាងណាក៏មិនអាចរកបានឱកាសយកឈ្នះ ឡុង សំណាង បានដែរ ។ ចប់ការប្រកួត ឡុង សំណាង ជាអ្នកឡើងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែក ការប្រកួតមួយគូទៀត វេន សុភ័ក្ភ្រ បានតស៊ូយ៉ាងស្វឹតស្វាញជាមួយ សូត្រ ខេវិន ។ ការប្រកួតរបស់អ្នកទាំងពីរ មានការប្រុងប្រយ័ត្នច្រើនដូចគ្នា ដោយមិនសូវហ៊ានវាយប្តូរនោះទេ ។ ទឹកទី ៤ និង ៥ ជាពេលវេលាដែលពួកគេចេញអាវុធច្រើន ខណៈកូនសិស្សលោកគ្រូ ហង្ស សឿន ជាអ្នកធ្វើបានល្អជាង ទើបធ្វើអោយរូបគេអាចឡើងទៅប៉ះ ឡុង សំណាង ដណ្តើមខ្សែក្រវាត់បានសម្រេច ។
ឡុង សំណាង និងត្រូវប្រកួតដណ្តើមខ្សែក្រវាត់រួមទាំងប្រាក់រង្វាន់ ៥ពាន់ដុល្លារជាមួយ វេន សុភ័ក្ភ្រ ចំណែក សុខ សុវណ្ណ ត្រូវប្រកួតដណ្តើមលេខ៣ជាមួយ សូត្រ ខេវិន ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ គ្រោងធ្វើឡើងនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះចាប់ពីម៉ោង៦ល្ងាច ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕

វេន សុភ័ក្រ និង សូត្រ ខេវិន