អតីតកីឡាករគុនខ្មែរ ម៉ា ឆៃម៉ូវ នឹងជួយ ជ័យ ស៊ីណេត បង្ហាត់កូនសិស្សមិនគិតកំរៃខ្លួន ប្រសិនបើបើកក្លឹបបានសម្រេច
ម៉ា ឆៃម៉ូវ ( ម៉ា ឆៃមឿន) គឺជាកីឡាករសិស្សរួមគ្រូជាមួយនិងកីឡាករ ជ័យ ស៊ីណេត របស់ក្លឹបឃ្លាំងមឿនកីឡា ក្រោមការបណ្តុះបណ្តាលពីព្រឹទ្ធាចារ្យ សុខ វិជ័យ។ មកដល់សព្វថ្ងៃនេះ កូនសិស្សចាស់ៗរបស់ក្លឹបក៏ចាប់ផ្តើមចូលនិវត្តន៍ និង ឈប់ប្រកួតបណ្តើរៗ ហើយចុងក្រោយនេះគឺ ជ័យ ស៊ីត ដែលកីឡាកររូបនេះបានប្រកាសថាឈប់ឡើងប្រកួតដោយសារបញ្ហាសុខភាព តែមានគំរោងចង់បង្កើតក្លឹបគុនខ្មែរខ្លួនឯង ដោយត្រូវរងចាំពេលវេលារៀងយូរបន្តិច ព្រោះតែនៅខ្វះខាតថវិការ។
ស្របពេលនៃការប្រកាសចង់បើកក្លឹបគុនខ្មែរផ្ទាល់ខ្លួនរបស់ ជ័យ ស៊ីណេត ស្រាប់តែសិស្សរួមគ្រូជាមួយរូបគេ គឺអតីតកីឡាករ ម៉ា ឆៃម៉ូវ បាន Comment នៅលើផេក MSR SPORT ថា៖ ប្រសិនបើ ជ័យ ស៊ីណេត បើកក្លឹបបានសម្រេចមែន រូបគេនឹងចូលរួមជួយបង្ហាត់ដល់កូនសិស្សដោយមិនគិតកំរៃខ្លួនអ្វីឡើយ ព្រោះរូបគេគាំទ្រពេញទំហឹងចំពោះរឿងនេះ។
គួររំលឹកថា អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអតីតកីឡាករ ម៉ា ឆៃម៉ូវ បានចូលនិវត្តន៍ពីគុនខ្មែរ ដោយជាប់រវល់ជួយលក់ដូរប្រពន្ធនៅម្តុំៗរោងចក្រសាំហាន់។ ចាំបានកាលពីកំឡុងឆ្នាំ២០១៤ គ្រាដែលលោកគ្រូ ម៉ា សេរី នៅដឹកនាំកម្មវិធីប្រដាល់គុនខ្មែរ លោកក៏បានកោះហៅកីឡាករ ម៉ា ឆៃម៉ូវ ដែលបានដាក់ត្រកូលតាមឈ្មោះលោក អោយមកប្រកួតលើសង្វៀនសារជាថ្មីបានចំនួន៤ប្រកួតដែរ(29-06-14(ស្មើពិន្ទុ ឡុង សុផល), 12-07-14(ឈ្នះ ខុន ចាន់ថន ដោយពិន្ទុ), 23-07-14(ចាញ់ ថៃ កយ៉ាន់ ដោយពិន្ទុ), 31-07-14(ចាញ់ សាំង ស៊ីថា ក្នុងទឹកទី១) ហើយក្រោយមកក៏បានបាត់មុខទៅវិញ ដោយលឺដំណឹងថានៅជួយលក់ដូរប្រពន្ធតាមម្តុំរោងចក្រមួយចំនួននៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕