
ទីបំផុត ! ឡៅ ចន្ទ្រា ក្លាយជាម្ចាស់ពាន ISI Palm រដូវកាលទី១
ក្រោយពីចំណាយពេល៦ខែការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយបានរកឃើញ ម្ចាស់ជើងឯក ហើយគឺបានទៅលើអាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ មិត្តរួមជាតិ ពុទ្ធ ឆាយរិទ្ធី នៅថ្ងៃអាទិត្យ ទី ៦ ឧសភា នេះ ។
ក្រោយបញ្ចប់ពេញ៥ទឹកចៅក្រុមទាំង៥រូបបានផ្តល់អោយកីឡាករនៃក្លិបឆ័ត្រយោង៩១១ ជាអ្នកទទួលបានជ័យជម្នៈ និងជាម្ចាស់ពានតែម្តងដោយទទួលបានប្រាក់រង្វាន់រហូតដល់ ៦ពានដុល្លារ ខណៈ ពុទ្ធ ឆាយរិទ្ធី បានត្រឹមជើងឯករង តែប៉ុណ្ណោះទទួលបាន ៣ពានដុល្លារ ។
ចំណែកកីឡាករថៃ នឹងត្រាក់កាន ទទួលបានលេខ៣ក្រោយផ្តួលអ្នកស្រុកជាមួយគ្នា រុងណាផា ត្រឹមទឹកទី២ ។សូមបញ្ជាក់ថា៖ ការប្រកួតដណ្តើមពានរង្វាន់នេះមានបេក្ខភាពគុនខ្មែរ៤រូប ឡៅ ចន្ទ្រា , ពុទ្ធ ឆាយរិទ្ធី , មាស សុជាតិ និង ឆៃ សារ៉ា ខណៈថៃ មាន នឹងត្រាក់កាន និង រុងណាផា ខាងឡាវ មាន ផាន់ឆ័យ និង ឆានឆ័យ ៕