Sir Alex Ferguson ត្រូវវះកាត់ជាបន្ទាន់ដោយសារបញ្ហាសរសៃឈាមក្នុងខួរក្បាល
អតីតអ្នកចាត់ការទូរទៅនិងត្រូវបានចាត់ទុកជាវីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Alex Ferguson នាពេលនេះកំពុងតែត្រូវវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ Salford Royal នាទីក្រុង Manchester។
លោកត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីពេទ្យភ្លាមៗក្រោយពីធ្លាក់ខ្លួនឈឺនៅក្នុងគេហដ្ឋានរបស់លោក។ ក្រុមវេជ្ជបណ្ឌិតបានបង្ហើបអោយដឹងថា Sir Alex មានបញ្ហាទាក់ទងទៅនិងសរសៃឈាមក្នុងខួរក្បាលដែលត្រូវតែធ្វើការវះកាត់ជាបន្ទាន់។
ដំណឹងនេះផងដែរត្រូវបានផ្សព្វផ្សាយភ្លាមៗតាមរយៈគ្រួសាររបស់លោកទៅកាន់អតីតកីឡាករ Man Utd ដែលពួកគេបានបង្ហោះសារជូនពរព្រោងព្រាតនៅតាមបណ្តាញសង្គម។ក៏ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតិអោយចូលជួបសម្ភាសន៍សមាជិកគ្រួសាររបស់លោកឡើយ ដោយហេតុផលថាក្រុមគ្រួសាររបស់លោក Ferguson ចង់រក្សារភាពស្ងប់ស្ងាត់និងតាមដានអាការៈរបស់លោក។
សូមរម្លឹកផងដែរថា Sir Alex Ferguson ដែលមានវ័យ៧៦ឆ្នាំរូបនេះធ្លាប់ជួយអោយក្រុម បិសាចក្រហម Manchester United ឈ្នះពានរង្វាន់ចំនួន៣៨គ្រឿងដែលរួមមានពានរង្វាន់ Premier League ១៣គ្រឿង Champions League ២គ្រឿងក្នុងអំឡុងពេលដែលគាត់បានដឹកនាំក្លិបមួយនេះអស់រយៈពេល២៦ឆ្នាំនិងបានលាលែងពីដំណែងនេះនៅអំឡុងឆ្នាំ២០១៣។ កីឡាករដែលលោកបានបណ្តុះតាំងពីអាយុ១៨ឆ្នាំនិងទទួលភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ននេះគឺកីឡាករ Real Madrid Cristiano Ronaldo។