បារ៉ែននឹងក្លាយជាទឹកដីកណ្ដាលសម្រាប់កម្ពុជាប្រកួតជាមួយកោះហ្កាំ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ នេះថា ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតជាមួយក្រុមកោះហ្គាំនៅក្នុងទឹកដីកណ្តាល។
ការជ្រើសរើសទឹកដីកណ្ដាលនេះដោយសារស្ថានភាពជំងឺកូវីត១៩នៅកម្ពុជា និងកោះហ្គាំមានការរីករាលដាលខ្លាំងធ្វើឲ្យការធ្វើដំណើរទៅមកចេញចូលមានការលំបាក ដូច្នេះគណៈកម្មការប្រកួតសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចរៀបចំការប្រកួតរវាងក្រុមទាំង២នៅប្រទេសបារ៉ែនសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 Play-Off រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកោះហ្គាំ ដើម្បីឡើងទៅកាន់វគ្គជម្រុះជុំទី៣។
សម្រាប់ការប្រកួតនៅប្រទេសបារ៉ែនក្នុងជេីងទីមួយនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ និងជើងទីពីរនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
ជាចុងក្រោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានថ្លែងអំណរគុណដល់ប្រទេសបារ៉ែនដែលបានស្ម័គ្រចិត្តផ្ដល់ទីតាំងសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា៕
រូបភាព ៖ FFC