Liverpool ស្នើសុំផ្អាកការប្រកួតទល់នឹង Arsenal ក្នុងពានរង្វាន់ EFL Cup
ក្រុមហង្សក្រហម Liverpool បានធ្វើការស្នើសុំជាផ្លូវការទៅកាន់ស្ថាប័នលីគបាល់ទាត់អង់គ្លេស EFL ដើម្បីធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទការប្រកួតទល់នឹងក្រុមកាំភ្លើង Arsenal ក្នុងជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ដោយសារកីឡាករខ្លួនឆ្លងជម្ងឺកូវីដ១៩ច្រើននាក់។
ការស្នើរសុំនេះដោយសារមានកីឡាករ ដូចជា Allison, Joel Matip Roberto Firmino រួមទាំងគ្រូបង្គោលលោក Jurgen Klopp និងបុគ្គលិកក្លិបជាច្រើនបានខកខានបង្ហាញខ្លួន។
ដោយសារករណីកើនឡើងនៃការឆ្លងជម្ងឺកូវីដ១៩ នេះដែរ Liverpool បានធ្វើការផ្អាកការហ្វឹកហាត់កាលពីថ្ងៃអង្គារ។ ស្របពេល កីឡាករ Mohamed Salah, Sadio Mane និង Naby Keita ក៏នឹងត្រូវជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិខ្លួនក្នុងពានរង្វាន់ Africa Cup of Nations ដែលធ្វើអោយ Liverpool កាន់តែមិនមានកីឡាករសំខាន់គ្រប់គ្រាន់ដើម្បីប្រកួត។
សូមបញ្ជាក់ថា Liverpool ត្រូវជួបជាមួយម្ចាស់ផ្ទះ Arsenal ក្នុងជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នាយប់ថ្ងៃព្រហស្បត្តិ៍នេះ មុនបន្តស្វាគមន៍ក្រុម Shrewsbury Town ក្នុងជុំទី៣ ពានរង្វាន់ FA Cup នៅ៣ថ្ងៃបន្ទាប់ពីនោះ៕
ប្រែសម្រួល ៖ Monsoon