កីឡាករកូនកាត់ ខ្មែរ-នូវែលសេឡង់ ត្រូវបានដំឡើងមកចូលរួមឈុតធំរបស់ បឹងកេត នារដូវកាលថ្មី
កីឡាករកូនកាត់ ខ្មែរ-នូវែលសេឡង់ លឹម អារុណ ត្រូវបានក្លិបបាល់ទាត់ បឹងកេត ដំឡើងមកលេងនៅឈុតធំសម្រាប់រដូវកាលថ្មី ២០២១ ខណៈដែលលោក ហៅ សុជាតិ ដែលជានាយកបណ្តុះបណ្តាលយុវជនរបស់ក្លិបនេះផ្ទាល់បានលើកឡើងថា ដោយសារយើងបានមើលឃើញពីគុណភាពរបស់គាត់ ក្នុងការហ្វឹកហាត់ និងការប្រកួត។
យុវជនវ័យ ១៧ឆ្នាំ កម្ពស់ ១,៨០ម៉ែត្ររូបនេះ លេងក្នុងតួនាទីជាខ្សែបម្រើ ( បម្រើការពារ និងបម្រើប្រយុទ្ធ) ក្នុងក្រុមយុវជនក្លិបបឹងកេត បានមួយឆ្នាំកន្លងមក ប៉ុន្តែពុំសូវមានឱកាសបង្ហាញខ្លួននោះទេ ដោយសារតែរូបគេជាប់សិក្សានៅប្រទេសកំណើត ដែលនៅទីនោះ រូបគេបានលេងបាល់ទាត់ឱ្យក្លិប Melville united ក្នុងតំបន់នេះផងដែរ។ ក្រៅពីកីឡាករកូនខ្មែរនូវែលសេឡង់ នៅមានកីឡាករ ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី ហើយនិងមានជាបន្តបន្ទាប់ទៀត ដែលត្រូវបានតម្លើងមកកាន់ក្រុមធំ។
គួរបញ្ជាក់ផងដែរថា អារុណ ធ្លាប់ជាប់ក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅប្រទេសជប៉ុន កាលពីដើមឆ្នាំ ២០២០នេះផងដែរ រួមជាមួយមិត្តរួមក្រុម លី ម៉ាឯល ដែលលេងឱ្យបឹងកេត យុវជនអាយុក្រោម ១៨ឆ្នាំ ៕