អ្នកចាត់ការម្នាក់ទៀតនៅអាល្លឺម៉ង់ត្រូវបានដកតំណែង
FC Schalke បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Manuel Baum ក្រោយដឹកនាំបានត្រឹម៧៩ថ្ងៃ។
លោក Manuel Baum
តួនាទីនេះនឹងត្រូវបានជំនួសដោយលោក Huub Stevens ដែលចូលដឹកនាំជាលើកទី៤ក្នុងក្រុមកំពុងស្ថិតនៅបាតតារាង ដោយមិនឈ្នះសោះពីការប្រកួត២៨លើកកន្លងមក។
លោក Huub គឺជាគ្រូធំទី៣នៅរដូវកាលនេះ បន្ទាប់ពីលោក Baum ដែលចូលជំនួសលោក David Wagner កាលខែកញ្ញា។
លោក Stevens វ័យ៦៧ឆ្នាំធ្លាប់ដឹកនាំ Schalke ឈ្នះ UEFA Cup រដូវកាល១៩៩៦-១៩៩៧។ លោកកាន់តំណែងចុងក្រោយបង្អស់ពេលចូលជំនួសលោក Domenico Tedesco ដែលត្រូវបានបណ្ដេញកាលខែមីនា ឆ្នាំ២០១៩ និងដឹកនាំឈ្នះ Borussia Dortmund ហើយថែមទាំងគេចផុតពីតំបន់កាត់ចោលទៀត។
ប្រកួតដំបូងរបស់លោក Huub Stevens គឺទទួលភ្ញៀវ Arminia Bielefeld ដែលកំពុងស្ថិតនៅទីតាំងជម្រុះគេចពីការកាត់ចោល។
ដោយឡែក លោក Manuel Baum ក្លាយជាអ្នកចាត់ការនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ម្នាក់ទៀត បន្ទាប់ពីលោក Lucien Favre ដែលត្រូវបាន Borussia Dortmund ដកតំណែង៕