អាជ្ញាកណ្ដាលម្នាក់ Premier League ទទួលបានសារគំរាមជីវិត
អាជ្ញាកណ្ដាល Mike Dean នឹងមិនចូលរួមដឹកនាំការប្រកួតនៅ Premier League ចុងសប្ដាហ៍នេះទេ ក្រោយក្រុមគ្រួសាររបស់លោកទទួលបានសារគំរាមដល់ជីវិត។
សារព័ត៌មាន ESPN រាយការណ៍ថា លោក Mike Dean នឹងបន្តដឹកនាំការប្រកួត FA Cup រវាង Leicester City និង Brighton ថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ ខាងមុខ តែនឹងអវត្តមានបណ្ដោះអាសន្នក្នុងការប្រកួត Premier League។
គេជឿថា ការគំរាមនេះកើតឡើងបន្ទាប់ពីការផ្ដល់កាតក្រហមចម្រូងចម្រាសលើខ្សែបម្រើ Tomas Soucek របស់ West Ham ពេលប៉ះ Fulham កាលថ្ងៃទី០៦ ខែកុម្ភៈ។ បន្ទាប់ពីនោះមកក៏លេចចេញដំណឹងគំរាមដល់ជីវិតតែម្ដង ដែលគ្រួសាររបស់លោកចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។
ងាកទៅពេលផ្ដល់កាតក្រហមវិញ ជំនួយការអាជ្ញាកណ្ដាលដែលកាន់ VAR លោក Lee Mason បានឃើញថា កែងដៃ Tomas Soucek បានបុកមុខ Aleksandar Mitrovic ខ្សែប្រយុទ្ធ Fulham។ ក្រោយពិនិត្យ VAR លោក Lee ជឿថា នេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោក Mike Dean នៅតែសម្រេចចិត្តផ្ដល់កាតក្រហម។ យ៉ាងណា មួយថ្ងៃបន្ទាប់មក ការតវាពី West Ham ក៏ទទួលបានជោគជ័យ ពោលត្រូវលុបកាតក្រហមនេះវិញ។ ដោយឡែក លោក Dean ក៏បានរាយការណ៍ដល់ Premier League និងសមត្ថកិច្ចរួចរាល់ដែរពាក់ព័ន្ធនឹងសារគំរាមជីវិត។
មិនមែនជាលើកទីមួយទេដែលកើតឡើងក្នុងការប្រកួតដឹកនាំដោយលោក Mike Dean និងលោក Lee Mason។ កាល Southampton ចាញ់ Man UTD ៩ទល់នឹង០ ក៏លោក Dean បានដកកាតក្រហមដល់ Jan Bednarek។ ប៉ុន្តែ Southampton បានតវាជោគជ័យវិញ៕