Benzema រងរបួសក្នុងជំនួបមិត្តភាពឈ្នះប៊ុលហ្គារី
ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះបុលហ្គារី ដោយលទ្ធផល៣ទល់នឹង០ក្នុងការប្រកួតមិត្តភាពនៅថ្ងៃអង្គារ ទី០៨ ខែមិថុនា។
ក្នុងការប្រកួតនេះ ក្រុមមាន់គកគ្រប់គ្រងទីលានដល់ទៅ៧១ភាគរយ។ តែអ្វីគួរឲ្យបារម្ភសម្រាប់អ្នកគាំទ្រក្រុមជើងពិភពលោក២០១៨ គឺបញ្ហារបួសរបស់ Karim Benzema។ គេបានប៉ះទង្គិចគ្នាជាមួយខ្សែការពារប៊ុលហ្គារី Ivan Turitsov ក្នុងនាទី៣៧ ហើយព្យាយាមលេងបន្តទៀត។ យ៉ាងណា ខ្សែប្រយុទ្ធ Real Madrid ត្រូវបានប្ដូរជំនួសដោយ Olivier Giroud ក្នុងនាទី៤១។
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោក Didier Deschamps បង្ហើបថា Benzema មានបញ្ហាសាច់ដុំលើជង្គង់។
នេះជាលើកដំបូងហើយដែល Benzema ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឡើងវិញក្នុងរយៈពេល៦ឆ្នាំ ដោយសារតែបញ្ហារឿងអាស្រូវជាមួយមិត្តរួមក្រុម។ យ៉ាងណា ការលេងយ៉ាងល្អក្នុងរដូវកាល២០២០/២០២១ ធ្វើឲ្យបារាំងប្ដូរចិត្តកោះហៅវិញ។ រដូវកាលនេះគេរកបាន៣០គ្រាប់ និង assist ៩ដងនៅ Real Madrid។
ដោយឡែកក្នុងការប្រកួតយប់មិញ Antoine Griezman រកគ្រាប់បាល់បញ្ចូលទីនាទី២៩ ហើយ Olivier Giroud បន្ថែម២គ្រាប់ទៀតនាទី៨៣ និង៩០៕
សម្រាប់ EURO 2020 បារាំងស្ថិតក្នុងពូល F មានអាល្លឺម៉ង់, ហុងគ្រី និងព័រទុយហ្គាល់។ ក្រុមលោក Deschamps នឹងបើកឆាកជាមួយអាល្លឺម៉ង់ នៅថ្ងៃទី១៦ ខែមិថុនា៕