
លោក Mike Ashley នៅតែអះអាងថានៅតែមានវិធីលក់ Newcastle ទៅអោយមហាសេដ្ឋី អារ៉ាប់ កាន់កាប់បន្ត
(BC-99)
លោក Mike Ashley នៅតែ “ ប្តេជ្ញាចិត្ត ១០០ ភាគរយ” ចំពោះការផ្ទេរសិទ្ធកាន់កាប់ Newcastle United ទៅអោយរាជទាយាទប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohamed bin Salman ទោះបីជាមានការលប់កិច្ចព្រមព្រៀងកាលពីថ្ងៃម៉ិញក៏ដោយ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះតាមរយៈសារព័ត៌មាននានាបានបង្ហាញពីមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីត PCP Capital Partners និង Reuben Brothers បានដកខ្លួនចេញពីដំណើរការទិញក្លឹបបាល់ទាត់ Newcastle ទៅហើយ។
មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីតនេះបានដាក់គោលដៅក្នុងការកាន់កាប់ភាគហ៊ុន ៨០ ភាគរយរបស់ក្លឹបសារិការព្រៃ Newcastle United ដែលកំពុងតែមានវត្តមាននៅក្នុងក្របខ័ណ្ឌ Premier League ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលត្រូវបានគេយល់ថាមានតម្លៃជាង ៣០០ លានផោន។
ប៉ុន្តែពួកគេក៏បានសំរេចចិត្តបញ្ចប់ចំណាប់អារម្មណ៍លែងទិញវិញដោយបានលើកឡើងពីមូលហេតុនៃភាពមិនប្រាកដប្រជាដែលបណ្តាលមកពីជំងឺឆ្លងនិង ការអូសបន្លាយពេលយូររបស់សហព័ន្ធបាល់ទាត់អង់គ្លេស។
វាត្រូវបានគេយល់ឃើញម៉្យាងទៀតថាក្របខ័ណ្ឌ Premier League មានការព្រួយបារម្ភថាមូលនិធិវិនិយោគសាធារណៈសាវឌីអារ៉ាប៊ី អាចជាប់ពាក់ព័ន្ធការប្រើប្រាស់អំណាចយកមកចាត់កិច្ចការទិញយកក្លឹបមួយនេះ។
លោក Lee Charnley នាយកគ្រប់គ្រងក្លឹប Newcastle បានចេញសេចក្តីថ្លែងការណ៍មួយកាលពីមុននេះបន្តិចថាលោក Ashley នៅតែសង្ឃឹមថានឹងលក់ក្លឹបនេះទៅអោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅ អារ៉ាប៊ីសាអូឌីត។
លោក Charnley បាននិយាយថា “យើងទទួលស្គាល់សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាយ៉ាងណាក៏ដោយការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នរបស់យើងគឺត្រូវតែគាំទ្រលោក Steve Bruce នៅក្នុងការរកកីឡាករក្នុងអំឡុងពេលទីផ្សារដោះដូរនិងការត្រៀមសំរាប់រដូវកាលថ្មី” ។
រីឯអ្នកស្រី Amanda Steveley ដែលជាផ្នែកមួយនៃក្រុមហ៊ុន PCP Capital Partners និងជាមនុស្សកណ្តាលក្នុងការផ្លាស់ប្តូរម្ចាស់ភាគហ៊ុនគ្រប់គ្រងក្លឹប Newcastle បាននិយាយរិះគន់ចំពោះដំណើរការយឺតយ៉ាវរបស់ Premier League ក្នុងការពិនិត្យពិច័យក៏ដូចជាក្លឹបបាល់ទាត់មួយចំនួនទៀតដែលចេញមកជំទាស់ពីការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ Newcastle នេះផងដែរ។